កំពង់ឆ្នាំង ៖ ផ្ទះលក់គ្រឿងអគ្គិសនីមួយកន្លែង ជាផ្ទះរបស់មន្ត្រីជលផលខេត្តកំពង់ឆ្នាំង ស្ថិតនៅខាងមុខផ្សារលើ ក្នុងភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំកំពង់ឆ្នាំងត្រូវបានអគ្គិភ័យឆាបឆេះកាលពីវេលាម៉ោង
ជិត៧យប់ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២២ ។

ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងប៉ូលីសក្រុងនិង កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានចេញអន្តរាគមន៍ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង បាញ់ទឹកពន្លត់ ។

ក្នុងហេតុការណ៍អគ្គិភ័យកំពុងឆាបឆេះនេះ គេសង្កេតឃើញវត្តមានលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ឯកឧត្តម អម សុភា អភិបាលរងខេត្ត លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង លោក អៀរ ប៊ុនធឿន និង លោក ប៉ុល វុទ្ធី ដែលជាស្នងការរង នគរបាលខេត្តកំពង់ឆ្នាំង បានចុះដឹកនាំកម្លាំងជួយអន្តរាគមន៍ ពន្លត់អគ្គិភ័យនាពេលនោះផងដែរ ។

លោក អៀរ ប៊ុនធឿន ស្នងការរង និង ជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះម្ចាស់ផ្ទះឈ្មោះ អ៊ឹង ជីប៉ោ ជាមន្ត្រីជលផលខេត្តកំពង់ឆ្នាំង ។ ភ្លើងបាន ឆាបឆេះពីជាន់ខាងលើនៃអគារ ដែលបានផ្ទុក សម្ភារៈផ្សេងៗជាច្រើន ។

លោក អៀរ ប៊ុនធឿន បានឲ្យដឹងថា នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ សមត្ថកច្ចបានប្រើប្រាស់រថយន្តចំនួន៥គ្រឿង បាញ់ទឹកអស់១២ឡាន ទើបភ្លើងរលត់ទាំងស្រុង មិនអាចឆេះរាលដាលទៅកន្លែងផ្សេងទៀតបាន ។ ចំពោះមូលហេតុនៅមិនទាន់ដឹងនៅឡើយទេ ។
លោក អៀរ ប៊ុនធឿន បានឲ្យដឹងទៀតថា ពេលចុះអន្តរាគមន៍ គ្រោះអគ្គិភ័យនេះ បណ្តាលឲ្យអធិការរងក្រុងកំពង់ឆ្នាំងម្នាក់ រងរបួសផងដែរ ។ ត្រូវបានបញ្ជូនទៅព្យាបាលភ្លាមៗ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ៕










