សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ រួមជាមួយឯកឧត្តម មិកាមិ ម៉ាសាហ៉ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែង ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តម្លៃប្រមាណ ៣៥លានដុល្លារអាមេរិក។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយចំពោះសមិទ្ធផលស្ពានទាំង៧កន្លែង ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុននាពេលនេះ រួមទាំងសមិទ្ធផលផលផ្សេងៗជាច្រើនទៀតដែលជប៉ុនបានជួយនាពេលកន្លងមក។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ថាជប៉ុន បានផ្តល់កម្ចី និងជំនួយ សម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធជាង ១ពាន់ ៤រយលានដុល្លារ។ ភាពរីកចម្រើនរបស់កម្ពុជាមិនអាចកាត់ផ្ដាច់ពីចំណងមិត្តភាពកម្ពុជា-ជប៉ុនបាននោះទេ។

សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះសមិទ្ធផលស្ពានទាំង៧ដែលជាអំណោយរបស់មិត្តជប៉ុននៅថ្ងៃនេះ។ នៅចុងបញ្ចប់នៃកម្មវិធី សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តមឯកអគ្គរាជទូតជប៉ុន ក៏បានអញ្ជើញកាត់ខ្សែបូរ សម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានទាំង៧នេះ ចាប់ពីពេលនេះតទៅ។

គួរបញ្ជាក់ថា ស្ពានទាំង ៧កន្លែងនេះ មានប្រវែងសរុប ៦៧០ម៉ែត្រ និងផ្លូវតភ្ជាប់ស្ពានមានប្រវែងសរុប ៣,៤២៤ម៉ែត្រ។ ស្ពានដែលបានសាងសង់នេះ មាន៥កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ តាមបណ្តោយផ្លូវជាតិលេខ៧៣ រួមមាន ស្ពានព្រែកសណ្តាន់ ស្ពានព្រែកឬស្សី ស្ពានអន្លង់ឃ្លេ, ស្ពានព្រែកឆ្លូង និងស្ពានពាមទេរ។ ដោយឡែកស្ពានចំនួន២ កន្លែងទៀតគឺស្ថិតនៅ ក្នុងខេត្តព្រៃវែង តាមបណ្តោយផ្លូវជាតិលេខ១១ រួមមាន ស្ពានបាបោងលេខ១ និងស្ពានបាបោងលេខ២ ។

ស្ពានទាំង៧កន្លែងនេះ បានបើកការដ្ឋានសាងសង់កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់នៅអំឡុងខែធ្នូ ឆ្នាំ២០២០ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៩ខែ ចំណាយថវិកាអស់ប្រមាណ ៣៥លានដុល្លារអាមេរិក ៕












