កូនឈើ​ជាង​៤ពាន់​ដើម ត្រូវបា​ន​ដាំ​នៅលើផ្ទៃដី ដែលបានដកហូតពីការ​​កាប់ទន្រ្ទានដោយ​ខុស​ច្បាប់ នៅក្នុងឃុំច្រណូក ស្រុកកំ​ពង់លែង

  • កំពង់ឆ្នាំង ៖ កូនឈើជាង៤០០០ដើម ត្រូវបានក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ សហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង យកទៅដាំនៅលើផ្ទៃដី ដែលបានដកហូតនៅចំណុចគោកព្រះ ក្នុងភូមិសាស្ត្រឃុំច្រណូក ស្រុកកំពង់លែង នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ។

    ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ចាប់តាំងពីងៃទី២៩ ខែវិច្ឆិកា មកដល់នឹងពេលនេះ ក្រុមការងារនិងកម្លាំងចម្រុះរបស់ខេត្ត បានចុះបំពេញការងារយ៉ាងសកម្ម ក្នុងបេសកកម្មដកហូតព្រៃលិចទឹកក្នុងតំបន់៣ ដែលរងនូវការកាប់ទន្រ្ទាន ដោយខុសច្បាប់ បានចំនួនជាង២ពាន់ហិកតាហើយ ។

    ឯកឧត្តមអភិបាលខេត្តបានឲ្យដឹងទៀតថា ផ្ទៃដីដែលបានដកហូតនេះ អាជ្ញាធរខេត្តគ្រោងដាំកូនឈើឡើងវិញ ប្រម៉ាណជាង២០ម៉ឺនដើម នៅជំហ៊ានដំបូង ។ ដោយឡែកកូនឈើដែលត្រូវដាំនៅថ្ងៃនេះមានចំនួន៤ ១០០ដើម ឧបត្ថម្ភដោយក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និង នេសាទ ។

    នៅក្នុងឱកាសអញ្ជើញចូលរួមដាំកូនឈើ នៅឯឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នាពេលនោះ ឯកឧត្តមណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ បានអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋទាំងអស ត្រូវរួមគ្នាថែរក្សាព្រៃលិចទឹកឲ្យបានគង់វង្ស ។ ពីព្រោះព្រៃលិចទឹកជាទីជម្រក ពង កូនយ៉ាងសំខាន់ នៃមច្ឆជាតិ ។

    ឯកឧត្តមបញ្ជាក់ថា ចាប់ពីពេលនេះតទៅ បើជនណា នៅតែផ្គើនហ៊ានប្រព្រឹតល្មើស លួចកាប់រុករាន ទន្រ្ទាន ឈួសឆាយ បំផ្លាញព្រៃលិចទឹក ជាបន្តទៀតនឹងត្រូវអនុវត្តតាមនិតិវិធីច្បាប់ ដោយមិនការលើកលែងឡើយ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង