កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានចូលរួមអបអរពិធីប្រណាំងទូកនៅភូមិកោះថ្កូវ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២០ វិច្ឆិកា ដែលជាថ្ងៃចុងក្រោយ នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ។
ពិធីប្រណាំងអុំទូកនេះ បានប្រព្រឹត្តទៅក្រោមកិច្ចសហការរៀបចំដោយរដ្ឋបាលស្រុកជលគិរី និងអាជ្ញាធរឃុំកោះថ្កូវ ដោយមានការអញ្ជើញជាអធិបតីភាពពីសំណាក លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងជាសមាជិកក្រុមលេខាសម្តេចតេជោ ហ៊ុន សែន ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋានឃុំកោះថ្កូវ និង មានប្រជាពលរដ្ឋចូលរួមទស្សនាយ៉ាងច្រើនកុះករ ។
ក្នុងឳកាសនោះ លោកជំទាវ តុង ណារី បានបញ្ជាក់ថា ការប្រារព្ធពិធីប្រណាំងទូកនាពេលនេះ គឺដើម្បីចូលរួមអបអរសាទររះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ និងជាការសាកល្បងកម្លាំងសមត្ថភាពកីឡាករចំណុះទូកឡើងវិញ ក្រោយពីផ្អាករយៈពេល២ឆ្នាំដោយសារជំងឺកូវីដ១៩។
លោកជំទាវ បានបញ្ជាក់ទៀតថា បច្ចុប្បន្នដោយសារប្រទេសមានសុខសន្តិភាព មានភាពរីករចម្រើន ទើបប្រជាពលរដ្ឋមានសិទ្ធិសិរីភាពពេញលេញចូលរួមប្រារព្ធពិធីបុណ្យជាតិ និងពិធីសាសនាផ្សេងៗ។ តម្លៃនៃសន្តិភាព បានផ្តល់ឱកាសអោយប្រជាពលរដ្ឋកម្ពុជា អាចជួបជុំគ្នាសប្បាយរីករាយ ដូចនេះប្រជាពលរដ្ឋទាំងអស់ត្រូវបន្តគាំទ្រថែរក្សាសន្តិភាព អោយបានស្ថិតស្ថេរគង់វង្សយូរអង្វែង ។
គួរបញ្ជាក់ថា ពិធីប្រណាំងទូក អបអរព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ដែលរៀបចំឡើងនៅក្នុងខេត្តកំពង់ឆ្នាំងនេះ មានទូកចូលរួមមកពីក្រុងស្រុកចំនួន៣ ក្នុងខេត្ត។ ពិធីប្រណាំងទូក ក៏មានការចូលរួមឧបត្ថម្ភគាំទ្រពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និង ក្រុមការងាររាជរដ្ឋាភិបាលព្រមទាំងបណ្តាលសប្បុរសជននានាជាច្រើនផងដែរ ៕












