កំពង់ឆ្នាំង ៖ បទល្មើសនេសាទចំនួន២៦កន្លែង ត្រូវបានកម្លាំងជំនាញខណ្ឌរដ្ឋបាលជលផល សហការជាមួយកម្លាំងសហគមន៍នេសាទនិងសមត្ថកិច្ចមូលដ្ឋាន ចុះបង្ក្រាបរុះ និង បំផ្លាញចោល ជាបន្តបន្ទាប់ នៅក្នុងសប្តាហ៍នេះ ។ នេះបើតាមការបញ្ជាក់ឲ្យដឹង ពីលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៦ ខែវិច្ឆកា ឆ្នាំ២០២១ ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ក្នុងរយះពេលមួយសប្តាហ៍កន្លងទៅនេះ កម្លាំងចម្រុះ មានជំនាញរដ្ឋបាលជលផល សហគមន៍នេសាទនិង សមត្ថកិច្ចមូលដ្ឋាន បានចុះបង្ក្រាបបទល្មើសនេសាទនៅតាមដងទន្លេ ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង បានចំនួន២៦កន្លែង ក្នុងនោះមានរបាំងស្បៃមុង ចំនួន២៣កន្លែង ប្រវែង៤៦០ម៉ែត្រ លូ២៣មាត់ បង្គោល២២០ដើម និង ចាក់លែងត្រីចម្រុះចំនួន៤០ គីឡូក្រាម ទៅក្នុងដែនទឹកធម្មជាតិវិញ ។ របាំងសាច់អួនចំនួន៣កន្លែង ប្រវែង៤០០ម៉ែត្រ លូ៦មាត់ បង្គោលចំនួន២៥០ដើម និង ចាក់លែងត្រីចម្រុះចំនួន១០គីឡូក្រាម ទៅក្នុងដែនទឹកធម្មជាតិវិញ ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រក្ខាប្រម៉ាញ់និង នេសាទ កំពង់ឆ្នាំង បានអំពាវនាវដល់ប្រជានេសាទទាំងអស់ សូមកុំប្រើប្រាស់ឧបករណ៍នេសាទដែលច្បាប់ហាមឃាត់ ដូចជាឧបករណ៍ឆក់ និង របាំងស្បៃមុងជាដើម ពីព្រោះឧបករណ៍ប្រភេទនេះ វាធ្វើឲ្យវិនាសហិនហោច នៃមច្ឆជាតិ ៕












