កំពង់ឆ្នាំង៖ អនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៤ ឆ្នាំ២០២១ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ទោ ឃឹម សុផាត នាយរងការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ ចុះបង្ក្រាបករណី រក្សាទុក ជួញដូរ និង ប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុ ញៀន នៅចំណុចភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ។
លោកហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះសេត សៃណាល់ ភេទប្រុស អាយុ៣៨ឆ្នាំ ជាខ្មែរឥស្លាម មុខរបរជាកម្មកររោងចក្រ រស់នៅភូមិពោរិទ្ធិក្រៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
លោកហ៊ុល វាសនា បានឲ្យដឹងថា ក្នុងពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ច ដកហូតបានវត្ថុតាងថ្នាំញៀនចំនួន ០៤កញ្ចប់ (ទម្ងន់១៣,១៨ក្រាម), ទូរស័ព្ទ០១គ្រឿង ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១គ្រឿង សម្ភារៈវិចខ្ចប់ និង ឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន ៕
និវឌ្ឍន៍










