កំពង់ឆ្នាំង៖ ក្រុមការងារអន្តរាគមន៌បង្ក្រាបបទល្មើសចរាចរសត្វ និងផលិតផលមានដើមកំណើតពីសត្វ សហការជាមួយក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចរាចរសត្វរបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង០៥ និង៥០នាទីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ បានចុះស្ទាក់ចាប់រថយន្តមួយគ្រឿង ដឹកសត្វជ្រូកបង្កក (ជ្រូកកណ្តុរ) មានទម្ងន់៤២០គីឡូក្រាម ស្មើនឹង៦៥ក្បាល និងគ្រឿងក្នុង៣០គីឡូក្រាម នៅចំនុចភូមិអូររូង ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ឆ្នាំង បានអោយដឹងថា តាមការឆ្លើយបញ្ជាក់ពីម្ចាស់ដឹកសាច់ សត្វជ្រូកបង្កកដែលឃាត់បាននេះ គឺនាំចូលមក ពីប្រទេសថៃ ចូលមកកម្ពុជាតាមច្រករបៀង ស្រុកវាលវែង ខេត្តពោធិ៍សាត់ ឆ្ពោះទៅចែកចាយនៅរាជធានីភ្នំពេញ ដោយពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់។
លោក ក្រឹង សំអាត បានបន្ថែមថា ក្រុមការងារបានបញ្ជូនវត្ថុតាងនិងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកពង់ឆ្នាំង ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕












