ខេ​ត្ត​កំ​​ពង់​​​ឆ្នាំង បន្តរ​ក​​​​ឃើញ​​​​អ្នក​​វិជ្ជ​មា​ន​​​កូវីដ​-១៩ ​ចំនួន​​​១៦​នាក់​ ជា​​សះ​​ស្បើយ​​៥១នាក់ និង​​​ស្លាប់​​​ម្នាក់

  • កំពង់ឆ្នាំង៖ រដ្ឋបាល​ខេត្តកំពង់​ឆ្នាំង បានប្រ​កាស​បន្តរកឃើញអ្នកវិជ្ជមាន​កូវីដ-១៩ តាម​រយៈ​​​ការធ្វើតេ​​ស្តរ​ហ័​ស (Rapid Test) ចំនួន១៦នាក់ ដែល​ជា​អា​ជីវករ​ កសិករ កម្មករ ជាង​កា​ត់​​សក់​ ជាងជួសជុលគ្រឿងចក្រ បុគ្គលិកធនាគារ សិស្ស ​គ្រូប​ង្រៀន​ និងមន្ត្រី ខណៈ​អ្នក​ជំងឺ​​កូវីដ-១៩ ជាសះស្បើយមានចំនួន ៥១នាក់។​ នេះបើយោង​តាម​សេចក្ដី​ប្រ​កាស​​​​​​ព័ត៌មាន​របស់រដ្ឋបាល​ខេត្តកំពង់ឆ្នាំង នៅ​ថ្ងៃទី​០៥ ខែ​សីហា​នេះ​។

    រដ្ឋបាល​​ខេត្តកំពង់​ឆ្នាំង បានអោយដឹងថា ចំពោះអ្នកវិជ្ជមានកូវីដ-១៩ ទាំង១៦នាក់ បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​​នៅមន្ទីរ​ពេទ្យ​ខេត្តកំពង់​ឆ្នាំង មណ្ឌលព្យាបាល សាលា​បឋម​សិក្សា​គំរូ​ក្រុង មណ្ឌល​ព្យាបាល​វិទ្យា​ល័យ តេ​ជោ ហ៊ុន សែន ទឹកហូត មណ្ឌល​ព្យា​បាល​​វិទ្យា​ល័​យ​ ហ៊ុន សែន កំពង់ត្រឡាច មណ្ឌលព្យាបាល​វិទ្យា​ល័យ​​ ហ៊ុន សែន បរិបូណ៌ និងមណ្ឌលព្យា​បាលវិទ្យាល័យ ហ៊ុន សែន កំពង់​លែង​​។

    ជាមួយគ្នានេះ រដ្ឋបាល​ខេត្តកំពង់​ឆ្នាំង​ ក៏​អំពាវនាវដល់បងប្អូន​ប្រជាពលរដ្ឋ ដែលធ្លាប់​ប្រា​ស្រ័​យ​ទាក់ទង​ដោយផ្ទាល់ ឬប្រ​យោល​ជា​មួយ អ្នក​វិជ្ជមានកូវីដ-១៩ ទាំង១៦​​នាក់ក្នុងរ​យៈ​ពេល​ ១៤ថ្ងៃមុន សូមមក ពិ​និ​ត្យ​​សំណាក​ជាបន្ទាន់នៅ មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង មន្ទី​រ​​ពេទ្យ​បង្អែក​​កំពង់ត្រឡាច, មន្ទីរពេទ្យបង្អែក​បរិ​បូ​ណ៌​ ឬមណ្ឌលសុខភាពដែល​នៅជិតបំផុត ដើម្បី​ទប់​ស្កាត់​ការឆ្លង រាលដាល​នៃជំងឺ​កូវីដ-១៩ សូម​សា​ធារ​ណ​ជន ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន​នូវ​វិធានការ “៣ការពារ និង៣កុំ” ដើម្បីខ្លួនឯង គ្រួសារ និង​សង្គម​ជាតិ​។

    ក្រៅពីប្រកាសរកឃើញអ្នកឆ្លងថ្មី រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏បានប្រកាសពីករណី​មរណភាព​ស្ត្រីជនជាតិ​ខ្មែរអាយុ ៥៣ឆ្នាំ រស់នៅភូមិវត្តថ្មី ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំ​ពង់​ឆ្នាំ​ង​​​។ ស្រ្តីដែលទទួលមរណភាពនេះ បានចូលមកមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច កាលពី​ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៨:២០នាទី ។ ដោយស្ថានភាពជំងឺធ្ងន់ធ្ងរ ទោះបី​ក្រុម​គ្រូ​ពេទ្យបាន​ព្យាបាល​តាមបច្ចេកទេសយ៉ាង​ណាក៏ដោយ អ្នកជំងឺ​បានមរណ​ភាពនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៩និង១០នាទី៕ អត្ថបទ៖ សុគន្ធារី

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង