កំពង់ឆ្នាំង ៖ ផ្សារឆ្នាំងនិងលំនៅឋានដែលជាប់ពាក់ព័ន្ធ ស្ថិតក្នុងភូមិសាស្រ្ត ភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ត្រូវបានអាជ្ញាធរ សម្រេចបិទជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៨ខែកក្កដា ឆ្នាំ២០២១ តទៅរហូតដល់មានការសម្រេចជាថ្មី ។
ការបិទផ្សារឆ្នាំង និង លំនៅឋានដែលពាក់ព័ន្ធមិនឲ្យមានការចេញចូលលក់ដូរ ជាបណ្តោះអាសន្ននេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវិដ.១៩ បន្ទាប់ពីបានរកឃើញអ្នកវិជ្ជមានកូវិដ.១៩ ចំនួន២៣នាក់ ជាអាជីវករ និង ប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់នេះ ។
រដ្ឋបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចេញចូលនិងអ្នកមានការពាក់ព័ន្ធផ្ទាល់ឬប្រយោលក្នុងទីតាំងខាងលើ ត្រូវតាមដានសុខភាពរបស់ខ្លួន ជាប់ជាប្រចាំនិង សូមប្រញាប់ទំនាក់ទំនងមកក្រុមការងារមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីយកសំណាកធ្វើតេស្តជាបន្ទាន់ចាប់ពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១នេះតទៅ រៀងរាល់pម៉ោងធ្វើការ និង ត្រូវធ្វើចត្តាឡីស័ក ស្របតាមការណែនាំ ៕













