ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋចំនួន ៣ខ្នង ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្ករឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចកាលពីវេលាម៉ោង០៩ និង ៣០នាទីយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងបុរីសន្តិភាព២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុខាងលើបានប្រាប់ឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង ដែលត្រូវអគ្គិភ័យ ឆាបឆេះខូចខាតទាំងស្រុងនេះ ពីរខ្នងប្រភេទផ្ទះឈើតូចៗនិងមួយខ្នងទៀតថ្មក្រោមឈើលើ ។ នៅមុនពេលកើតហេតុគេឃើញមានអណ្ដាតភ្លើងនិងផ្សែងហុយចេញពីផ្ទះឈើតូចចំនួន២ ខ្នងដែលនៅជាប់គ្នា បង្ករឱ្យមានចេញជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ រួចក៏រាលដាលដល់ផ្ទះមួយខ្នងយ៉ាងធំ ដែលនៅក្បែរគ្នាថ្មក្រោមឈើលើ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្បែរខាង រាប់សិបនាក់ យកធុងដងទឹកជះពន្លត់ និង រាយការណ៍ជូនសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យចុះមកអន្តរាគមន៍ជាច្រើនគ្រឿងនៅកន្លែងកើតហេតុ ដោយប្រើពេលវេលាអស់រយៈពេលជិតមួយម៉ោងទើបរលត់ទៅវិញជាស្ថាពរ។

ចំពោះករណីអគ្គីភ័យខាងលើនេះប្រជាពលរដ្ឋប្រាប់ថា ផ្ទះម្ចាស់មិនបាននៅផ្ទះនោះទេ។ ចំពោះទ្រព្យសម្បត្តិ ដែលត្រូវអគ្គីភ័យឆេះបំផ្លាញនោះ នៅមិនទាន់ដឹងខូចខាតអស់ប៉ុន្មាននៅឡើយនោះដែរ៕











