កំពង់ឆ្នាំង ៖ខួបអនុស្សាវរីយ៍លើកទី១១០ទិវានារីអន្តរជាតិ៨ មីនា នៅឆ្នាំនេះខេត្តកំពង់ឆ្នាំង បានប្រារព្ធធ្វើនាព្រឹកថ្ងៃទី៤ក្រោមប្រធានបទ ស្រ្តីនឹងការអភិវឌ្ឍន៍ ក្នុបរិបទកូវីដ១៩ ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង និង ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង លោកជំទាវ ព្រមទាំងមានការចូលពីសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តផងដែរ ។

លោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត កំពង់ឆ្នាំង បានអានព្រះរាជសារសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និង សុភមង្គលក្នុងឱកាសអបអរសាទរខួបលើកទី១១០ នៃទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២១ ដោយមានខ្លឹមសារនិងអត្ថន័យថា៖ សូមគាំទ្រ ការលើកយកប្រធានបទ ស្រ្តីនិងការអភិវឌ្ឍន៍ ក្នុងបរិការណ៍កូវីដ១៩ សម្រាប់ការប្រារព្ធទិវាអន្តរជាតិនារីឆ្នាំ២០២១នេះ ដែលជាប្រធានបទបានឆ្លើយតបទៅនឹងបរិបទបច្ចុប្បន្ន ក្នុងគោលបំណងរំលេចតម្លៃនៃស្រ្តីក្នុងកិច្ចអភិវឌ្ឍន៍គ្រប់់កំរិត គ្រប់វិស័យ និងគ្រប់កាលៈទេសៈដោយស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ដែលបានចាត់ទុកថា ស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ។
ក្នុងឱកាសនោះឯកឧត្តមឈួរ ច័ន្ទឌឿន បានបញ្ជាក់ថា ស្រ្តីគ្រប់រូបមានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍនៅក្នុងក្រុមគ្រួសារ និង សង្គមជាតិហើយក៏ជាឆ្អឹងខ្នងសេដ្ឋកិច្ចគ្រួសារ។ដូចនេះបងប្អូនស្ត្រីទាំងអស់ត្រូវខិតខំអភិវឌ្ឍនូវសមត្ថភាពរបស់ខ្លួន ដើមី្បចូលរួមក្នុងកិច្ចការសង្គមជាតិឲ្យក្លាយខ្លួនជាអ្នកដឹកនាំដ៏ល្អក្នុងសង្គមជាតិកាន់តែប្រសើរឡើង និងកាន់តែមានភាពផុលផុសជាងមុន។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ការចូលរួមរបស់ស្រ្តីនាពេលបច្ចុប្បន្នទាំងវិស័យឯកជន និង វិស័យសារធារណៈ នៅ
ក្នុងសង្គមកម្ពុជាកាន់តែបង្ហាញឲ្យឃើញ អំពីការតព្វកិច្ច ភារកិច្ច តួនាទី និង ការអនុវត្តនូវសិទ្ធិពេញលេញព្រមទាំងការលានុវត្តភាព ក្នុងការអភិវឌ្ឍន៍នូវចំណេះដឹង ជំនាញ បច្ចេកទេស និង ធនធានរបស់ខ្លួន ដែលជាមូលដ្ឋានគ្រឹះនៃសិទ្ធជាសកលភាពជា ដៃគូក្នុងការរស់នៅក្នុងក្រុមគ្រួសារនិងសង្គម ប្រកបដោយសភាព និង សមធម៌ ។

នៅក្នុងឱកាសនោះ ឯកឧត្តមគណអធិបតីបានចែកអំណោយដល់ស្រ្តីដែលបានចូលរួមផងដែរ ។
លោកស្រី ពេជ សូភា ប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងថា នៅខេត្តកំពង់ឆ្នាំង មានស្រ្តីជាថ្នាក់ដឹកនាំ មន្រ្តីរាជការ និង វិស័យឯកជនចំនួន២៧៨២នាក់ ស្មើនិង៤២,០៩ភាគរយ ៕










