ករណីបាញ់ប្រហារគ្នា នៅខាងមុខហាងលក់ទូរស័ព្ទយីហោពន្លកថ្មី ស្ថិតតាមផ្លូវបេតុង ក្នុងបុរីប៊ុនហួរ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ កាលពីយប់ថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២១ បណ្តាលឲ្យជនរងគ្រោះស្លាប់ទាំង៣នាក់ ក្រោយពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។


តាមប្រភពបានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់ ក្នុងករណីឃាតកម្មបាញ់ប្រហារជាច្រេីនគ្រាប់នេះ១,ឈ្មោះសៀក លឹម ភេទប្រុសអាយុ២៥ឆ្នាំ ( ស្លាប់នៅមន្ទីរពេទ្យលោកសង្ឃ ) ។ ២,ឈ្មោះសុខ សុីដេត ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរមុខរបរលក់ទូរស័ព្ទស្នាក់នៅកន្លែងកើតហេតុ ( ស្លាប់នៅមន្ទីរពេទ្យលោកសង្ឃ ) ។ ៣ ,ឈ្មោះប៉ូ សូភី ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ នៅភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ ( ស្លាប់នៅមន្ទីរពេទ្យរូស្សុី )។

ប្រភពបានឲ្យដឹងថា ករណីនេះផ្តើមចេញពីការចតរថយន្តមុខផ្ទះអ្នកជិតខាងមួយភ្លេតដោយខាង PassApp ស្ទះចរាចណ៍ធ្វើដំណើរមិនបាន ក៏បង្ករជាជម្លោះវាយតប់គ្នាមួយប្រាវហើយបានចេញទៅបាត់។ លុះប្រហែលជាម៉ោង៧កន្លះ ថ្ងៃដដែល ខណៈជនរងគ្រោះ កំពុងអង្គុយហូបចុកមុខផ្ទះអ្នកជិតខាង ស្រាប់តែខាង PassApp បានលើកគ្នាមកម្តងទៀត និងបានទាស់សម្តីវាយតបគ្នា ហើយខាងPassApp បានដកកាំភ្លើងបាញ់រះចំជនរងគ្រោះទាំង៣នាក់ បណ្តាលឲ្យរងរបួសធ្ងន់ដេកដួលក្នុងថ្លុកឈាមតែម្តង។
នៅពេលនេះសមត្ថកិច្ចជំនាញបាននិងកំពុងធ្វើការស្រាវជ្រាវរកជនដៃដល់ និងសួរនាំពីមូលហេតុលម្អិត ដែលនាំឲ្យកើតមានករណីបាញ់ប្រហារយ៉ាងព្រៃផ្សៃនេះ៕



