កំពង់ឆ្នាំង៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានអញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយជូនដល់ចាស់ជរា ស្ដ្រីមេម៉ាយ កុមារកំព្រា និងគ្រួសារជនងាយរងគ្រោះ ចំនួន ៨០គ្រួសារ នៅស្រុកសាមគ្គីមានជ័យ កាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ម្សិលមិញ។
ក្នុងឳកាសអញ្ជើញជួបសំណេះសំណាល និងចែកអំណោយជូននោះ លោកជំទាវ ជូ ប៊ុនអេង ក៏បានផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ការទប់ស្កាត់អំពើជួញដូរមនុស្ស និងបានផ្សព្វផ្សាយពីវិធានការ បង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋ មកពីឃុំចំនួន ០៣របស់ស្រុកសាមគ្គីមានជ័យ រូមមាន ឃុំសេដ្ឋី ឃុំស្វាយ និងឃុំត្បែងខ្ពស់។
គួរបញ្ជាក់ថា ក្នុងពិធីនោះមានការអញ្ជើញចូលរួមពី ឯកឧត្តម នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោកជំទាវឧត្តមសេនីយ៍ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ នៃក្រសួងមហាផ្ទៃ លោកស្រី ប៊ន សុភី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ខ.ប.ជ ខេត្ត លោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ និងលោកប្រធានក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក ក្រុមការងារថ្នាក់ស្រុក ថ្នាក់ឃុំ ថ្នាក់ភូមិ និងសមាជិក សមាជិកា ក្រុមលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្ត ។
ដោយឡែក អំណោយដែលបាននាំយកទៅចែកជូនប្រជាពលរដ្ឋនោះ គឺក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន ១០គីឡូក្រាម សាប៊ូដុំចំនួន ២ដុំ សារ៉ុងចំនួន២ ក្រមាចំនួន២ ជែលលាងដៃចំនួន២ដប សាប៊ូបោកខោអាវចំនួន ២ កញ្ចប់ ៕