សមាគម​កាយ​ឫទ្ធិនារី​កម្ពុជា​ ប្រារព្ធ​ពិធី​នឹក​រលឹក​និង​សច្ចា​បញ្ចូល​សមាជិក​ថ្មី​ក្រោម​ប្រធាន​បទ​«ភាព​ចម្រុះ ​សមធម៌ ​ការ​រួម​បញ្ចូល​គ្នា​»

  • នៅព្រឹក​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ២០​២០​នេះ សមាគម​​កាយ​ឫទ្ធិ​​កម្ពុជា ​បាន​​រៀបចំ​កម្មវិធី ប្រារព្ធពិធី​សច្ចា និង​អបអរ​សាទរ ​ទិវា​នឹក​រលឹក​ឆ្នាំ២០​២០ Thinking Day 2020 ក្រោម​ប្រធានបទ «ភាពចម្រុះ ​សមធម៌ ​ការរួម​បញ្ចូល​គ្នា» ( Happy Thinking Day 2020 Under The Theme Diversity Equilty and Inclusion) ដោយ​មាន​ការចូលរួម​ពី សំណាក់​ស្ថាបនិក ស្នង​ការ​ ស្នងការ​រង សមាជិក​កិត្តិយស​ លោកជំទាវ​ ពេជ ​ចន្ទមុន្នី​ ​និង​សមាជិក​ សមាជិការ ជាង២០០នាក់ នៅ​អគារ​ពិពរណ៍​កោះ​ពេជ្រ​ ​។

    លោកជំទាវ ​ស៊ិន ​សិរី​ ជាអគ្គ​ស្នងការ​សមាគម បានបញ្ជាក់ថា ចលនាកាយ​ឫទ្ធិនារី ជាស​កម្មភាព​ដែល​មាន​ គោលដៅ និង​ភាព​សប្បាយ​រីករាយ សម្រាប់​កុមារី និងយុវតី គឺជា​ការ​អប់រំ​ក្រៅ​ប្រព័ន្ធ មួយ​ដែល​ផ្តល់​ឱកាស​ឱ្យកុ​មា​រី និង​យុវតី​សាកល្បង​ចូលរួម​សកម្មភាព​ផ្សេងៗ ដើម្បីឱ្យពួកគេមាន ការទុកចិត្តលើខ្លួនឯង និងចាប់អារម្មណ៍ទៅលើបញ្ហាសង្គម។ ចលនា​កាយ​ឫទ្ធិ​នារី​ជា​ចលនា​ ស័្មត្រចិត្ត មិនមែន​រដ្ឋាភិបាល មិន​ប្រកាន់​ក្រុម មិន​ប្រកាន់​វ​ណ្ណៈ សាសនា ​ជាតិសាសន៍​ ឬ ​ពណ៌​សម្បុរ​ឡើយ​ ។

    សមាគម​កាយ​ឫទ្ធិ​​នារី​​កម្ពុជា ​គឺជា​សមាគម​ក្រៅ​​រ​ដ្ឋា​ភិបាល​មួយ​​ដែល​​មាន​ទិស​ដៅ​​លើក​កំពស់​​​ការ​អប់រំ​​ដល់​​កុមារី​​និងយុវតី​​ឱ្យ​ក្លាយ​​ទៅជា​​ពលរដ្ឋ​​ល្អ។ សមាគម​​នេះ​​មាន​​បេសកកម្ម​ជួយ​​អភិវឌ្ឍន៍​​ថាម​ពល​​កុមារី​ ​យុវតី​​ ​ដើម្បី​​​ឱ្យ​ក្លាយ​​ទៅ​ជា​ពលរដ្ឋ​​ល្អ​​ដែល​មាន​​ការ​​ទទួល​​ខុស​ត្រូវ​​ចំពោះ​​ខ្លួនឯង​ គ្រួសារ ​​សហគមន៍​ និង​ប្រទេស​​​ជាតិ។


    លោកជំទាវ ​ពេជ​ ចន្ទ​មុន្នី​ ដែល​បាន​ចូលរួម​នៅក្នុង​ពិធីបំ​ពាក់កន្សែង​ចូលជា​សមាជិក​សមាគមន៍​កាយរឹទ្ធ​នៃកម្ពុជា បាន​បង្ហាញ​អារម្មណ៍​រំភើប​សប្បាយ​រីករាយ​ និង​មោទនភាព​ដែល​បាន​ចូលរួម​ជាមួយ​សមាគម​កាយរឹទ្​ធិនារី​កម្ពុជា​លោក​ជំទាវ​បាន​មាន​ប្រសាសន៍​ថាយើង​ដើរទៅមុខទាំងអស់គ្នា ប្រកប​ដោយ​មោទន​ភាព​និង​ប្ដេជ្ញា​ដឹកនាំ​បន្តដោយ​មានការគាំទ្រ​និងលើកទឹក​ចិត្តពីថ្នាក់​ដឹកនាំចាស់ៗ ដើម្បីបុព្វហេតុ​សកម្មភាព​សង្គម​របស់សមាគមន៍​កាយរឹទ្ធ​នារី​កម្ពុជា​។​

    សូមរំលឹកថា ប្រវត្តិនៃ​កកើត​សមាគម​កាយឫទ្ធិនារី​កម្ពុជា ផ្តើម​នៅ​ពេល​អាណា​និគម​បារាំង​ ប៉ុន្តែ​សកម្មភាព​ត្រូវកាត់​ផ្តាច់២​ទស្សវត្ស ​ដោយ​សង្គ្រាម និងបង្កើតឡើងវិញនៅឆ្នាំ១៩៩៦ ដោយការស្នើពីគណៈ​ប្រតិភូសមាគម​កាយឫទ្ធិ​ពិភពលោក (WAGGGS) ​លោកស្រី ​លាង​ ម៉េងហូ​ បាន​ប្រមូល​និសិ្សត​១៦នាក់ និង​រៀប​ចំ​ជូន​គណៈ​កម្មាការ​បណ្តុះបណ្តាល​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ី​ហ្វិក បង្កើត​អោយមានគណៈ​កម្មាការ និ​ងរៀបចំ​ជាសមាគម ​អង្គការមិនមែន​រដ្ឋាភិបាល​ខែ្មរ​ជាមួយ​ក្រសួងមហាផ្ទៃ ​នៅ​ថ្ងៃ​ទី​១៧ ឧសភា ឆ្នាំ១៩៩៧។

    ឆ្នាំ១៩៩៩ គណៈកម្មការប្រតិបត្តិដំបូងបង្អស់ត្រូវបានរៀបចំឡើង បន្ទាប់​ពីការ​បណ្តុះ​បណ្តាល​ដោយ​គណៈ​កម្មការ​ប្រតិបត្តិ​នៅ​ក្រុង​​បាងកក។ ឆ្នាំ១៩៩៩ ខែសីហា សមគមទទួលវិញ្ញាបនប័ត្រពីសមាគមកាយឫទ្ធិនារីពិភពលោក (WAGGGS) ដើម្បី​ចូល​ជា​សមាជិក។ នៅថ្ងៃ០៧ ខែធ្នូ​ ឆ្នាំ១៩​៩៩ សម្តេចព្រះរាជអគ្គមហេសី នរោត្តម មុនីនាថសី​ហនុ ទ្រង់​បាន​ទទួល​​យល់​ព្រម​តាម​សំណើ​រ​បស់គណៈកម្មាការប្រតិបត្តិជា ព្រះប្រធានកិតិ្តយស។

    នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១១ សមាគមកាយឫទ្ធិនារីកម្ពុជា​ត្រូវបាន​ទទួលស្គាល់ និងបានក្លាយជា​សមាជិកពេញ​សិទ្ធ នៃ​សមា​​គម​កាយឫទ្ធិនារីពិភពលោក (WAGGGS) នៅក្នុងសន្និសីទពិភពលោកលើកទី៣៤ បានប្រារព្ធឡើងនៅក្នុងទី Edinburgh, Scotland United Kingdom។

    នៅថ្ងៃទី​១៤ ខែ​សីហា​ ឆ្នាំ​២០១៦ ​តាមរយៈ​សន្និបាតលើក​ទី៩ បាន​បោះឆ្នោត​ជ្រើសរើស​គណៈកម្មាធិ​ការ​​ប្រតិបត្តិ​អាណត្តិ ២០​១៦​-២០​១៨ ដឹកនាំ​ដោយ​លោកជំទាវ ​ស៊ិន ​សិរី ​ជាអគ្គ​ស្នង​ការ។ បច្ចុប្បន្ន​នេះ​ សមាគម​កាយឫទ្ធិ​នារី​កម្ពុជា​ មាន​សមាជិក​ដែល​ចុះ​ក្នុង​បញ្ជី​ឈ្មោះចំ​នួន ​៤៥​០១​សមាជិក​ ដែល​មាន​នៅ​រាជធានី​ភ្នំពេញ ខេត្តកំពត​ ​កំពង់ស្ពឺ​ បាត់ដំបង តាកែវ​ កំពង់ធំ​ កណ្តាល ព្រៃវែង​ ​និង​ខេត្ត​សៀមរាប ។ សមាគម​កាយ​ឫទ្ធិនារី​កម្ពុជា បាន​ចូលរួម​ក្នុងព្រឹត្តិការ​ណ៍ជាតិ​ និង​អន្តរជាតិ​នៃយុវតី​ និង​ស្រ្តី ៕​

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង