មន្ទីរ​ព័ត៌មាន​ខេត្ត​កំពង់ឆ្នាំង​ ប្រគល់​កូន​សៀវភៅ​ ធម្មនុញ្ញ​វិជ្ជា​ជីវៈ​សារ​ព័ត៌មាន​ ដល់​អ្នក​សារ​ព័ត៌មាន​ នៅ​​ក្នុង​ខេត្ត

  • កំពង់ឆ្នាំង ៖លោក ហឹង ចូច អនុប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ បានជួបសំណេះសំណាល និងប្រគល់កូនសៀវភៅ « ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន » ជូនដល់អ្នកសារព័ត៌មាន ចំនួន២៧នាក់ នៅក្នុងខេត្តកំពង់ឆ្នាំង ។

    ក្នុងជំនួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាននាពេលនោះ លោក ហឹង ចូច អនុប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ឆ្នាំង បានថ្លែងបញ្ជាក់ថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន បានដើរតួនាទីយ៉ាងសកម្ម ក្នុងការលើកកម្ពស់គុណតម្លៃវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ធានាការផលិត និងផ្សព្វផ្សាយ នូវព័ត៌មានពិត មានគុណភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ។


    លោកអនុប្រធានមន្ទីរព័ត៌មាន បញ្ជាកថាដូចប្រទេសនានា នៅលើសកលលោកដែរ កម្ពុជាមានធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលជាក្រមសីលធម៌កំពូល សម្រាប់ការអនុវត្តក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ និងជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីតម្រង់ទិស អ្នកសារព័ត៌មាន និងពង្រឹងវិស័យសារព័ត៌មាន នៅកម្ពុជា ឲ្យកាន់តែមានភាពល្អប្រសើរ ធានាជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងសង្គមមកលើប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ។

    លោក ហឹង ចូច បានថ្លែងបញ្ជាក់ទៀតថាក្នុងការប្រកបការងារប្រចាំថ្ងៃរបស់ខ្លួន អ្នកសារព័ត៌មានចាំបាច់ ត្រូវបន្តពង្រឹងសមត្ថភាព និងដុសខាត់ជំនាញ​ក្នុងការសរសេរ ផលិត និងផ្សព្វផ្សាយ ដោយត្រូវធ្វើទំនើបកម្មការងារ ឲ្យស្របទៅនឹងការរីកចម្រើន នៃសង្គមឌីជីថល នឹងការវិវត្តនៃបច្ចេកវិទ្យា ដើម្បីជំរុញភាពប្រកួតប្រជែង និងទំនុកចិត្តរបស់ប្រជាពលរដ្ឋ មកលើគុណភាពព័ត៌មាន និងការផ្សាយទាំងនោះ ។

    ជាងនេះទៅទៀតអ្នកសារព័ត៌មាន ចាំបាច់ត្រូវយល់ឲ្យបានច្បាស់អំពីព្រំដែន នៃការអនុវត្តការងារវិជ្ជាជីវៈ ប្រកាន់ខ្ជាប់ការប្រើប្រាស់សិទ្ធិនិងតួនាទីអ្នកសារព័ត៌មាន ឲ្យបានត្រឹមត្រូវ ចៀសវាងកុំឲ្យការប្រើសិទ្ធិ និងសេរីភាពហួសពីដែនដែលច្បាប់បានកំណត់ ។

    ជាមួយគ្នានេះ អ្នកសារព័ត៌មាន ត្រូវចូលរួមទប់ស្កាត់ ការផ្សព្វផ្សាយព័ត៌មានមិនពិត ការបំភ្លៃ ការក្រឡៃព័ត៌មាន ដោយចេតនាអាក្រក់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់ស្ថិរភាព និងសន្តិសុខសង្គម ដែលជាការដើរហួសគឲន្លងវិជ្ជាជីវៈ និងក្របខ័ណ្ឌច្បាប់ជាធរមាន ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង