កំពង់ឆ្នាំង ៖នៅខេត្តកំពង់ឆ្នាំង មានគណបក្សនយោបាយចំនួន១៤ ដែលបានចុះបញ្ជីឈ្មោះបេក្ខជន សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិ ទី៧នេះ ។
ចាប់ពីថ្ងៃទី១រហូតមកដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ គឺរយះពេល៥ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោត គ្រប់គណបក្សនយោបាយបានដំណើរការឃោសនារបស់ខ្លួន ប្រព្រឹត្តទៅ ដោយគោរពទៅតាមក្រមសីលធម៌ នៃការឃោសនា ។ ប៉ុន្តែគេកត់សម្គាល់ឃើញ មានគណបក្សនយោបាយខ្លះ នៅពំទាន់ធ្វើសកម្មភាពធំដុំនៅឡើយទេ ។
ការឃោសនាបានដំណើរការទៅ ដោយគ្រាន់តែមានការបិទផ្សាយខិត្តបប័ណ្ណ និងផ្ទាំងរូបភាពផ្សេងៗ,ការជួបជុំគ្នានៅតាមមូលដ្ឋាន,ការចាក់ខ្សែអាត់សំឡេង តាមឧគ្ឃោសនស័ព្ទ អំពីគោលនយោបាយ នៅតាមទីស្នាក់ការ របស់គណបក្សនិមួយៗ និងការចុះទៅឃោសនា នៅតាមផ្ទះ ។លោកស្រី នូន ចាន់នីប្រធានគណៈកម្មការខេត្តរៀបចំការបោះឆ្នោត ( គខប ) បានឲ្យដឹងថានៅក្នុងខេត្តកំពង់ឆ្នាំង ជាទូទៅបរិយាកាស និងដំណើរការ នៃយុទ្ធនាការឃោសនា បានប្រព្រឹត្តទៅក្នុងភាពរលូន ដោយមិនមានបញ្ហាអ្វីកើតឡើងនោះឡើយ ។ គ្រប់គណបក្សនយោបាយទាំងអស់ បានធ្វើយុទ្ធនាការឃោសនា ទៅតាមលទ្ធភាព របស់គណបក្សនិមួយៗ ។
លោកស្រី នួន ចាន់នី បានឲ្យដឹងទៀតថា រយះពេល៥ថ្ងៃ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត មានតែគណបក្សប្រជាជនកម្ពុជា មួយប៉ុណ្ណោះ ដែលបានធ្វើការជួបជុំ និងដង្ហែរក្បួនទ្រង់ទ្រាយធំ ។
សូមបញ្ជាក់ថា ខេត្តកំពង់ឆ្នាំង មាន ៨ក្រុង ស្រុក ៧១ឃុំ សង្កាត់ មានការិយាល័យបោះឆ្នោត ចំនួន ៨១៨ ការិយាល័យ និងប្រជា ពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ចំនួន ៣៥៩ ៦៩៨នាក់ ៕