កំពង់ឆ្នាំង ៖ លោក ឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំង បានណែនាំឲ្យមន្ត្រីសមត្ថកិច្ចនិងអាជ្ញាធរ នៅក្នុងស្រុកបរិបូរណ៍ ត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការជម្រុញ ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្តិភាព រក្សាបាននូវសន្តិសុខ សណ្តាប់សាធារណៈ និងសុវត្តិភាពសង្គមឲ្យបានល្អប្រសើរ នៅគ្រប់មូលដ្ឋាន ។

លោក អភិបាលរងខេត្ត បានមានប្រសាសន៍ណែនាំ ដល់មន្ត្រីសមត្ថកិច្ច និងមន្ត្រីអាជ្ញាធរបែបនេះ នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិរងចំនួន២រូប នៃគណៈអភិបាលរងស្រុកបរិបូរណ៍ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។

លោក ឈឹម វុទ្ធា បញ្ជាក់ថា ការផ្លាស់ប្តូរការតែងតាំងមុខតំណែងមន្ត្រី ធ្វើឡើងទៅតាមតម្រូវការជាក់ស្តែង នៃការងារ និង នីតិវិធីដែលបានកំណត់ក្នុងច្បាប់ សំដៅធ្វើយ៉ាងណាឲ្យការគ្រប់គ្រង ដឹកនាំរដ្ឋបាលកាន់តែមានប្រសិទ្ធភាពខ្ពស់។
លោក ឈឹម វុទ្ធា អភិបាលរង ខេត្តកំពង់ឆ្នាំងបានផ្តាំផ្ញើដល់លោកអភិបាលរងស្រុកទាំង២រូប ដែលទើបតែងតាំងថ្មី ត្រូវខិតខំក្នុងការបំពេញភារះកិច្ច ជម្រុញបង្កើននូវប្រសិទ្ធភាពការងារ ដឹកនាំគ្រប់គ្រងរដ្ឋបាលស្រុកឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងការបម្រើនូវសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឲបានល្អ ដោយស្មារតីយកចិត្តទុកដាក់នឹងការទទួលខុសត្រូវខ្ពស់ ពិសេសត្រូវចូលរួមអនុវត្តនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ឲបានល្អប្រសើរ ។
តាមប្រកាសរបស់ក្រសួងមហាផ្ទៃ ត្រូវបានតែងតាំងលោក អ៊ឺម ផង់ ឋានន្តរសក្តិអនុមន្ត្រីថ្នាក់លេខ១ និងលោក អ៊ី សារី ឋានន្តរសក្តិ គ្រូបង្រៀនកម្រិតមូលដ្ឋានដើមខ្សែពិសេស ជាអភិបាលរង នៃគណៈអភិបាលស្រុកបរិបូរណ៍ ៕