ជាង១ពាន់គម្រោងនៅភ្នំពេញ បានស្នើសុំការអនុញ្ញាតសាងសង់នៅក្នុងឆ្នាំ២០២២

  • ទោះបីជាសេដ្ឋកិច្ចមានភាពរាំងស្ទះដោយវិបត្តិសាកល និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោកយ៉ាងណាក៏ដោយ នៅក្នុងឆ្នាំ២០២២ គម្រោងអភិវឌ្ឍន៍ជាង១ពាន់គម្រោង បានស្នើសុំការអនុញ្ញាតសាង់សង់ ក្នុងរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ ។

    ឯកឧត្តម ឃួង ស្រេង បានបន្តថា គម្រោងអភិវឌ្ឍន៍ជាង១ពាន់គម្រោងនោះ គឺអភិវឌ្ឍន៍នៅលើផ្ទៃក្រឡាសំណង់សរុបចំនួនជាង១លានម៉ែត្រការ៉េ ឯទំហំវិនិយោគប៉ាន់ប្រមាណប្រហែលជា ៦០៥ លានដុល្លារអាមេរិក។

    គួរបញ្ជាក់ថា ទោះបីក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ កន្លងទៅ វិបត្តិជំងឺកូវីដ១៩ បានបង្កការគំរាមកំហែងដល់ សេដ្ឋកិច្ចសកល ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងណាក្តី ប៉ុន្តែ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវចំណាត់ការដ៏ម៉ឺងម៉ាត់ ប្រកបដោយប្រសិទ្ធភាពខ្ពស់លើបញ្ហាទាំងនេះ និងបានដាក់ចេញនូវវិធានការគាំពារ សំដៅកាត់បន្ថយផលប៉ះពាល់វិស័យសេដ្ឋកិច្ច-សង្គមកិច្ច រក្សាលំនឹងផលិតកម្ម-អាជីវកម្ម និងបង្កើនភាពធន់ដល់វិស័យឯកជន។

    គិតត្រឹមឆ្នាំ២០២២ នៅរាជធានីភ្នំពេញមានសំណង់បុរី និងបណ្ដុំផ្ទះល្វែងចំនួនជាង៣០០កន្លែង និងអគារខ្ពស់ៗចំនួន ១ ៦០០ អគារ  ក្នុងនោះអគារកម្ពស់ចាប់ពី ២០ជាន់ឡើងទៅ មានចំនួនជាង២០០ អគារ  ដែលបានធ្វើឱ្យរាជធានីភ្នំពេញ កាន់តែមានភាពស្រស់បំព្រង មិនចាញ់បណ្តាទីក្រុង នៃប្រទេសក្បែរខាង និងក្នុងតំបន់អាស៊ាននោះឡើយ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង