រដ្ឋបាលក្រុងកំពង់ឆ្នាំង បានប្រកាសទុកពេលរហូតដល់ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ជាកំហិត ឲ្យប្រជាពលរដ្ឋដែលមានលំនៅដ្ឋានតាមដងផ្លូវក្រាលកៅស៊ូ ក្នុងក្រុងដែលបានសាងសង់ សំយ៉ាប និងដាក់ស្លាកយីហោ ឬតាំងលក់ទំនិញផ្សេងៗ នៅលើការ៉ូឡា ឫដីចំណីផ្លូវទាំងអស់ត្រូវកាត់ និងរុះរើចេញឲ្យអស់។ នេះបើយោងតាម សេចក្តីជូនដំណឹងស្តីពីការររៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ សោភណ្ឌភាព អនាម័យ និងបរិស្ថាន ក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង របស់រដ្ឋបាលក្រុងកំពង់ឆ្នាំង នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។
រដ្ឋបាលក្រុងកំពង់ឆ្នាំង បានបញ្ជាក់ថា អាជ្ញាធរត្រូវរៀបចំសោភណ្ឌភាពទូទាំងក្រុង ឲ្យមានសណ្ដាប់ធ្នាប់ និងបរិស្ថានល្អ ជាទីក្រុង ប្រកបដោយសោ ភណ្ឌភាពនិងមានអនាម័យ ដើម្បីចូលរួមប្រឡងប្រណាំងទីក្រុងស្អាតនាពេលខាងមុខនេះ ។
ដើម្បីឲ្យសក្តិសមជាទីក្រុងស្អាតនោះ រដ្ឋបាលក្រុងត្រូវធ្វើការរៀបចំ ដោយនៅខាងមុខរបងផ្ទះ ឬ របងមន្ទីរ អង្គភាព នានា មិនឲ្យមានការសង់សំយ៉ាប និងដាក់តាំងលក់ទំនិញគ្រប់បែបយ៉ាង។
រដ្ឋបាលក្រុងកំពង់ឆ្នាំង សង្កត់ធ្ងន់ថា នៅតាមមុខផ្ទះ ចាប់ពីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រហូតដល់អាហារដ្ឋានមិត្តភាព(វិមានឯករាជ្យ) ត្រូវដកគម្លាតពីចិញ្ចើមផ្លូវ( ទុកសម្រាប់ថ្មើរជើង)ប្រវែង៣ម៉ែត្រ ហើយផុតពីនោះក៏មិនត្រូវធ្វើ ការសង់សំយ៉ាប ឬ ប៉ក់បិទបាំងដែលនាំឲ្យបាត់បង់សោភណ្ឌភាពឡើយ។











