កំពង់ឆ្នាំង ៖ វិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ដែលមានទីតាំងស្ថិតក្នុងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ បានបើកវគ្គជំនាញគរុកោសល្យទូទៅដល់សិក្ខាកាមជាគ្រូបច្ចេកទេស នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ។

ឯកឧត្តម ម៉ុង សុគន្ធារ័ត្ន ប្រធានវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន បានឲ្យដឹងថា វគ្គជំនាញគរុកោសល្យទូទៅនេះ គាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ( JICA )សម្រាប់សិក្ខាកាម ជាមន្ត្រីនិងបុគ្គលិក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ចំនួន៦០នាក់។ហើយវគ្គសិក្សានេះ មានរយះពេល៨សប្តាហ៍ គឺចាប់ពីថ្ងៃទី៥ ខែមករា ដល់ថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៣ ។

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានថ្លែងថា វគ្គជំនាញគរុកោសល្យទូទៅនេះ បង្កើតឡើង ក្នុងគោលបំណង ដើម្បីហ្វឹកហ្វឺនកសាង និងបង្កើនសមត្ថភាពដល់គ្រូរបស់ស៊ីម៉ាក់ ក្នុងការពង្រឹងសមត្ថភាព ពហុជំនាញ សម្រាប់ក្រោយឆ្នាំ២០២៥ ។ ហើយការធ្វើជាគ្រូបង្រៀន ត្រូវតែមានក្រមសីលធម៌ និងវិជ្ជាជីវៈ ផងដែរ ។

ឯកឧត្តម ហេង រតនា បានមានប្រសាសន៍ថា វិទ្យាស្ថានបច្ចេកទេស សកម្មភាពកំចាត់មីន របស់អង្គភាពស៊ីម៉ាក់ ( CMAC ) បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការហ្វឹកហ្វឺនជំនាញបច្ចេកទេសនិងចែករំលែកចំណេះដឹង ក៏ដូចជាបទពិសោធន៍ ក្នុងវិស័យសកម្មភាពមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ពិសេសបណ្តាប្រទេស ដែលទទួលរងផលប៉ះពាល់ ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ។

ឯកឧត្តម អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា ស៊ីម៉ាក់មានតួនាទីយ៉ាងសំខាន់ ក្នុងបេសកកម្មបោសសម្អាតមីន និង យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីសង្រ្គោះជីវិតនិងការអភិវឌ្ឍន៍ នៅក្នុងប្រទេសកម្ពុជា ៕




