រដ្ឋបាល​ខេត្ត​កំពង់​ឆ្នាំង​ ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី៦៩​ នៃ​ទិវា​បុណ្យ​ឯក​រាជ្យ​ជាតិ​ ៩វិច្ឆិកា​

  • កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រារព្វខួបអនុស្សាវរីយ៍លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស៊ុន សវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង។ ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិការក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋ នៅក្នុងក្រុងកំពង់ឆ្នាំងផងដែរ ។

    ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងសន្ទរកថា ដោយគូសបញ្ជាក់ថាជារៀងរាល់ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកាត្រូវបានប្រារព្វធ្វើឡើង ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ ពិសេសរំលឹកស្នាព្រះហស្ថ របស់សម្តេចព្រះនរោត្តមស៊ីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានដឹកនាំព្រះរាជបូជនីយកិច្ច ទាមទាឯករាជ្យភាពពេញលេញពីអាណានិគមបារាំង ។

    ការប្រារព្វបុណ្យឯករាជ្យជាតិកម្ពុជាប្រកបដោយមោទនៈភាព និង ស្ថិតក្នុងបរិបទ ដែលកម្ពុជាពោរពេញទៅដោយសុខសន្តិភាពពេញលេញស្ថេរភាពនយោបាយនិងពលរដ្ឋខ្មែរពោរពេញទៅដោយសេចក្តីសុខនិងប្រទេសជាតិពោរពេញទៅដោយការអភិវឌ្ឍន៍លើគ្រប់វិស័យ ។ ប្រសិនបើកម្ពុជាមិនមានសុខសន្តិភាពទេនោះប្រជាពលរដ្ឋខ្មែរ ក៏មិនអាចនឹងប្រារព្វទិវាបុណ្យឯករាជ្យជាតិរបស់ខ្លួន ក្នុងភាពសប្បាយរីករាយបានឡើយ ។

    ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងបន្តទៀតថា វិរភាពដ៏អង់អាចក្លាហាននេះ គឺជាវិរភាពគំរូដ៏ល្អសម្រាប់កូនខ្មែរជំនាន់ក្រោយ ក្នុុងការកសាងការពារបូរណភាពក្នុងស្មារតីចងចាំជានិច្ចមិនអាចបំភ្លេចបាននូវគុណូបការៈដ៏ថ្លៃថ្លា របស់វិរយុទ្ធជន យុទ្ធនារី និងបងប្អូនប្រជាពលរដ្ឋយើងនៅគ្រប់ទិសទី ដែលបានពុះពារប្រយុទ្ធតស៊ូ ធ្វើពលីកម្មអាយុជីវិតដ៏អង់អាចក្លាហានបំផុតដើម្បីសង្គ្រោះជាតិមាតុភូមិ
    ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ចេញពីភ្នក់ភ្លើងសង្គ្រាម ព្រមទាំងបានរួមចំណែកយ៉ាងធំធេង ក្នុងកិច្ចការពារទឹកដីនិងអធិបតេយ្យ សន្តិភាព សេរីភាព និង វិបុលភាពជាតិ នៃព្រះរាជាណាចក្រកម្ពុជា ។

    ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងបញ្ជាក់ទៀតថា ឯករាជ្យភាពជាតិដែលខ្មែរទទួលបានពីបារាំង គឺជាស្នាព្រះហស្ថរបស់ព្រះបរមរតនៈកោដ្ឋ ហើយពលរដ្ឋខ្មែរត្រូវការពារឲ្យខាងតែបាន នូវឯករាជ្យជាតិនេះ ដោយមិនអនុញ្ញាត្តឲ្យជនណាម្នាក់ យកឯករាជ្យភាពជាតិ នៃប្រទេសកម្ពុជាទៅបំផ្លាញឯករាជ្យ បូរណៈភាពដែនដីនិងអធិបតេយ្យជាតិឡើយ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង