ផ្លូវជាតិលេខ៥៨ ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ផ្លូវជាតិលេខ៥ ដល់ចំណុចឃុំផុង ផ្លូវជាតិលេខ៦៨ ខេត្តឧត្តរមានជ័យ ប្រវែងជាង ១៧៤ គីឡូម៉ែត្រ នឹងត្រូវដាក់សម្ពោធអោយប្រេីប្រាស់ជាផ្លូវការ នៅថ្ងៃទី២៦ ខែកុម្ភៈ ខាងមុខ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះបេីតាមការបញ្ជាក់របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងដំណេីរដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញចុះត្រួតពិនិត្យគុណភាពកំណាត់ផ្លូវជាតិលេខ៥៨ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ ។
ឯកឧត្តម បានអោយដឹងបន្ថែមថា ផ្លូវមួយខ្សែនេះសាងសង់ឡើងក្រោមប្រាក់កម្ចីសម្បទានពីរដ្ឋាភិបាលនៃ សាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សរុបប្រមាណជាង ១២២លាន ដុល្លារសហរដ្ឋអាមេរិក ជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់។
គួរបញ្ជាក់ថា គម្រោងផ្លូវនេះបានចាប់ដំណើរការបើកការដ្ឋានសាងសង់នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ ហេីយបានបញ្ចប់ការងារសាងសង់ជាស្ថាពរ ១០០ភាគរយនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ។
កំណាត់ផ្លូវនេះចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅ តំបន់ភាគពាយ័ព្យប្រទេស ព្រមទាំងការដឹកជញ្ជូនកាន់តែប្រសើរមួយកម្រិតទៀត ជាពិសេសកំណាត់ផ្លូវ នេះអាចសម្រួលដល់ការតភ្ជាប់ជាមួយព្រះរាជាណាចក្រថៃ ក្នុងការពង្រីកសក្ដានុពលសេដ្ឋកិច្ចពាណិជ្ជ កម្មថែមទៀតរបស់ប្រទេសជាតិ៕