គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចនៅកម្ពុជា បានបើកសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤២អាណត្តិទី៥ រយៈពេល២ថ្ងៃ (ថ្ងៃទី ១ និង ទី ២ ខែកុម្ភៈ ២០២០) នៅព្រឹកថ្ងៃទី១ខែ កម្ភៈ ២០២០ នៅសាលមហោស្រពកោះពេជ្រក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បើកសន្និបាតដោយគូសបញ្ជាក់ថា៖ ថ្ងៃនេះយើងចាប់ផ្តើមជាមួយដំណើរការសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤២ បើកទូលាយ ។ សម្តេចប្រធានគណបក្សបានសម្ដែងការស្វាគមន៍ចំពោះវត្តមាននៃសមាជិកគណៈកម្មាធិការកណ្តាលទាំងអស់និងថ្នាក់ដឹកនាំដទៃទៀតដែលបានចូលរួមនៅក្នុងគណៈកម្មាធិការកណ្តាលបើកទូលាយរបស់គណបក្សប្រជាជនកម្ពុជានៅពេលនេះ។
សម្តេចប្រធានគណបក្សបានបន្តថា ការងារដែលយើងត្រូវបំពេញក្នុងរយៈពេលកន្លងទៅនេះ តាមរយៈលក្ខន្តិកៈគណបក្សគឺតម្រូវឲ្យមានសន្និបាតគណៈកម្មាធិការកណ្តាលរយៈពេល៦ខែម្តង។នៅពេលនេះដល់ពេលវេលាដែលយើងត្រូវធ្វើការបូកសរុបវាយតម្លៃនិងដាក់ចេញនូវទិសដៅការងារជាបន្តទៀតដែលយើងត្រូវប្រើពេលវេលាពិភាក្សាក្នុងរយៈពេល២ថ្ងៃ ។សម្តេចបានបន្តថានេះជារបៀបធ្វើការក្នុងក្របខ័ណ្ឌនៃប្រជាធិបតេយ្យផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា ។
ជាមួយគ្នានោះ សម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សបានឡើងថ្លែងសុន្ទរកថាបើកសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤២ អាណត្តិទី ៥ ។ដោយសម្តេចគូសបញ្ជាក់ថា៖ចលនាប្រែប្រួលរីកចម្រើនរបស់សង្គមមួយគឺពុំមែនឈានឡើងត្រង់ភ្លឹងដោយគ្មានជួបឧបសគ្គឬបញ្ហាប្រឈមនោះទេ ។ យ៉ាងណាមិញក្នុងដំណើរនៃការខិតខំធ្វើឱ្យកម្ពុជាមានការប្រែប្រួលរីកចម្រើនរហូតដល់ថ្ងៃនេះគណបក្សយើងបានជួបឧបសគ្គនិងបញ្ហាប្រឈមច្រើនណាស់ដែលត្រូវដោះស្រាយ។ប៉ុន្តែអាស្រ័យដោយផ្លូវដើរដែលយើងបានជ្រើស រើសគឺជាផ្លូវត្រឹមត្រូវហើយត្រូវបានប្រជាជនគាំទ្រនិងចូលរួមនៅគ្រប់ដំណាក់កាលនោះ ជាហេតុនាំឱ្យយើងអាចជម្នះបាននូវរាល់ឧបសគ្គនិងការលំបាកទាំងឡាយហើយបើកផ្លូវឱ្យកម្ពុជាឈានឡើងជាលំដាប់។
សម្តេចប្រធានកិត្តិយសបានបន្តថា៖យោងតាមស្ថានការណ៍ពិភពលោកនិងតំបន់ដែលបន្តប្រែប្រួលផ្លាស់ប្តូរឆាប់រហ័សនិងស្មុគស្មាញនិងផ្អែកតាមការប៉ាន់ស្មាននៃសភាពការណ៍កម្ពុជានាពេលខាងមុខ គណបក្សបានត្រៀមរួចស្រេចហើយនូវយុទ្ធសាស្ត្រនិងយុទ្ធវិធីនានាដើម្បីធ្វើឱ្យសម្រេចនូវកម្មវិធីនយោបាយរបស់គណបក្សក៏ដូចជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលមួយជំហានថែមទៀតនៅក្នុងឆ្នាំ២០២០ ។ លើសពីនេះក៏ត្រូវត្រៀមសម្រាប់ការដោះស្រាយនូវរាល់បញ្ហាចៃដន្យដែលអាចកើត២០២០នេះ ។ លើសពីនេះក៏ត្រូវត្រៀមសម្រាប់ការមានពីការអនុវត្តភារកិច្ចរបស់យើងនិងត្រូវសម្រាប់ការដោះស្រាយនូវហេតុការណ៍នានាកើតចេញពីឧបាយកលអាក្រក់ផ្សេងៗក្នុងបំណងចង់បំផ្លាញដល់សង្គមជាតិយើង ។ ផ្អែកលើមេរៀនពិសោធន៍ដែលគណបក្សប្រជាជនកម្ពុជាទទួលបានជាបន្តបន្ទាប់នោះ យើងមានជំ នឿយ៉ាងមុតមាំថាដំណើរជាតិកម្ពុជានឹងបន្តបោះជំហានកាន់តែស្វាហាប់នៅក្រោមរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងនៅលើផ្លូវសុខសន្តិភាព ស្ថិរភាព ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍ ការលើកកម្ពស់ជីវភាពប្រជាជននិងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋកាន់តែរឹងមាំ។
សម្តេច ហេង សំរិន បានបន្តថា៖ ដោយស្មារតីទទួលខុសត្រូវខ្ពស់នៅពេលនេះអង្គសន្និបាតរបស់ នឹងប្រមូលផ្តុំបញ្ញាញាណពិភាក្សាស៊ីជម្រៅលើរបាយកាណ៍របស់ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលស្តីពីសភាពការណ៍ទូទៅនិងការងារគណបក្សឆ្នាំ២០១៩និងទិសដៅភារកិច្ចឆ្នាំ ២០២០ហើយក្រៅពីនេះក៏អាចពិភាក្សាលើបញ្ហាមួយចំនួនទៀតតាមការចាំបាច់។
សម្តេច ហេង សំរិន បានបន្តថា សន្និបាតថ្ងៃនេះដំណើរការរយៈពេល៣ថ្ងៃទៅតាមរបៀបវារៈដែលបានកំណត់ដោយមានសមាជិក សមាជិកាគណៈកម្មាធិការកណ្តាលចូលរួមចំនួន៧៩៨ រូប លើរចនាសម្ព័ន្ធរួម៨៦៥ រូប។ បន្ថែមលើនេះអង្គសន្និបាតក៏បានបើកទូលាយដោយអញ្ជើញអស់លោក លោកស្រី ជាសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់មួយចំនួននៅតាមក្រសួងស្ ថាប័នរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនិងថ្នាក់ដឹកនាំនៃក្រុមការងារថ្នាក់កណ្តាលចុះជួយរាជធានីខេត្តចូលរួមដែលធ្វើឲ្យសមាសភាពដែលបានអញ្ជើញចូលរួមសរុបចំនួន ៣៤២០ រូប ៕