រដ្ឋ​មន្រ្តី​ក្រ​សួង​ព័ត៌​មាន​៖ អ្នក​សារ​ព័ត៌​មាន​ បាន​ចូល​រួម​យ៉ាង​សំ​ខាន់​ ក្នុង​កា​រ​លុប​បំ​បាត់​នូវ​ ដំ​ណឹង​ក្លែង​ក្លាយ​

  • សៀមរាប ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បានលើកឡើងថា ដំណឹងក្លែងក្លាយ បានធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ការទុកចិត្តមកលើរដ្ឋាភិបាល ដូច្នេះការចូលរួមរបស់អ្នកសារព័ត៌មាន បានចូលរួមយ៉ាងសំខាន់ក្នុងការលុបបំបាត់ដំណឹងក្លែងក្លាយនេះ តាមរយៈការផ្សាយព័ត៌មានពិតដែលខ្លួនមាន ។

    ឯកឧត្តម ខៀវ កាញារីទ្ធិ បានថ្លែងបែបនេះក្នុងសិក្ខាសាលា ស្តីពីផលប៉ះពាល់ នៃដំណឹងក្លែងក្លាយ និងដំណោះស្រាយរបស់រដ្ឋាភិបាល នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី០៣ ខែធ្នូឆ្នាំ ២០២១នេះ។

    ឯកឧត្តម លើកឡើងថា “ទាក់ទងនឹងដំណឹងក្លែងក្លាយនេះ កម្ពុជាបានជួបប្រទះជាច្រើនណាស់មកហើយ ជាពិសេសក្នុងអំឡុងពេលរីករាលដាល នៃជំងឺកូវីដ១៩នេះ។ ក្រៅពីការបង្កើតដំណឹងក្លែងក្លាយដោយក្រុមអមិត្ត ក្នុងគោលបំណងធ្វើឱ្យមហាជន បាត់បង់ទំនុកចិត្តលើរដ្ឋាភិបាល និង ការចែករំលែកបន្តដោយមិនបានមើលគ្រប់ជ្រុងជ្រោយ ពីសំណាក់អ្នកអានមួយចំនួននោះ អ្នកសារព័ត៌មានយើង គឺមានតួនាទីសំខាន់ ក្នុងការលុបបំបាត់នូវ ដំណឹងក្លែងក្លាយទាំងនោះ ក្នុងការជួយណែនាំ និងជួយធានានូវទំនុកចិត្តរបស់ប្រជាពលរដ្ឋលើរដ្ឋាភិបាល តាមរយៈផ្សាយព័ត៌មានពិតដែលខ្លួនមាន”។

    ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បន្តថា ការអនុវត្តតួនាទីស្របតាមវិជ្ជាជីវៈរបស់ខ្លួន ជាពិសេសនៅក្នុងស្ថានភាពតានតឹង ដូចជាការឆ្លងរាលដាលនៃជំងឺកូដ-១៩ នេះតែម្ដង វាមានភាពចាំបាច់សម្រាប់អ្នកសារព័ត៌មានដោយសារតែ ទីមួយបានចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយគោលការណ៍បន្ទាន់ៗ ឆ្លើយតបទៅនឹងព្រឹត្តិការណ៍ថ្មីៗ ទៅកាន់ប្រជាពលរដ្ឋ ទីពីរផ្ដល់នូវព័ត៌មានសំខាន់ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងទីបីពាំនាំនូវតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋជូនរដ្ឋាភិបាលវិញ ។

    ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈ កិច្ចសហប្រតិបត្តិការអនុតំបន់ មេគង្គ-ឡានឆាង” បានផ្តល់ជំនួយក្រោមមូលនិធិពិសេស ដល់បណ្តាប្រទេសតាមបណ្ដោយទន្លេមេគង្គមានដូចជា មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និង វៀតណាម។

    ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា តាមរយៈជំនួយនេះ យើងបានសម្រេចនូវគម្រោងស្រាវជ្រាវ ក្រោមប្រធានបទ ផលប៉ះពាល់ នៃព័ត៌មានមិនពិត និង ដំណោះស្រាយរបស់រដ្ឋាភិបាល ដែលនឹងប្រកាសផ្សព្វផ្សាយនូវសៀវភៅស្តីពី ផលប៉ះពាល់នៃព័ត៌មានមិនពិត និង ដំណោះស្រាយរបស់រដ្ឋាភិបាល ដែលជាលទ្ធផលនៃការស្រាវជ្រាវនេះ។

    ស្ថិតក្នុងតំបន់អាស៊ាន យើងសង្កេតឃើញមានប្រទេសសិង្ហបុរីមុនគេ ដែលមាននូវច្បាប់ ប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ ម៉ាឡេស៊ី ធ្លាប់បានអនុម័ត និងដកចេញវិញ។ រីឯប្រទេសមួយចំនួនទៀត ត្បិតមិនមានច្បាប់ប្រឆាំងព័ត៌មានក្លែងក្លាយ ដោយឡែក ប៉ុន្តែយើងសង្កេត ច្បាប់ដទៃទៀត ដែលមានភាពពាក់ព័ន្ធ ការបង្កើតឱ្យមាននូវដំណឹងក្លែងក្លាយ ដែលមានបង្ករផលប៉ះពាល់ដល់សង្គមជាតិ។ សម្រាប់កម្ពុជាយើងមិនទាន់បានគិតគូរ ទៅដល់យន្តការបង្កើតច្បាប់ដូចសិង្ហបុរីនោះទេ ដោយសារ តែយើងគ្រប់គ្រងបានល្អ ក៏ប៉ុន្តែច្បាប់មួយចំនួនទៀតដែលមានភាពពាក់ព័ន្ធ អាចនឹងត្រូវ បានអនុម័ត ដូចជាច្បាប់ឧក្រិដ្ឋកម្មបច្ចេកវិទ្យាជាដើម។

    ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ បានមានប្រសាសន៍ថា កន្លងមកនេះ ទាក់ទងនឹងការរីក រាលដាល នៃដំណឹងក្លែងក្លាយ ក្រសួងព័ត៌មាន បានបង្កើតនូវគណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលគណៈកម្មការនេះ អនុវត្តកិច្ចសហប្រតិបត្តិការជាមួយ អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃ និងនិយ័តករទូរគមនាគមន៍កម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានធ្វើកិច្ចការងារយ៉ាងសកម្ម ក្នុងការទប់ស្កាត់ដំណឹងក្លែងក្លាយ។ ជាលទ្ធផល ករណីមួយចំនួន ត្រូវបានភាគីពាក់ព័ន្ធ បានចូលរួមដោះស្រាយ និងលុបបំបាត់បានទាន់ពេលវេលា។ ក៏ប៉ុន្តែ ក្នុងករណីមួយចំនួនទៀត ដំណឹងក្លែងក្លាយ ត្រូវបានបង្កើត និង ចែកចាយ ដោយសេរីក្នុងបណ្តាញសង្គម។ មូលហេតុនៃការមិនអាចគ្រប់គ្រងបានទាំងស្រុង គឺដោយសារតែថ្នាលបណ្តាញសង្គម ដែលដំណឹងក្លែងក្លាយនោះ បានផ្សព្វផ្សាយ មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង