កំពង់ឆ្នាំង៖ ដើម្បីចូលរួមការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍ឲ្យកាន់តែមានប្រសិទ្ធិភាព រដ្ឋបាលស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានកំណត់អោយប្រជាពលរដ្ឋដែលមានបំណងមកស្នើសុំសេវារដ្ឋបាលដូចជា បញ្ជាក់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សញ្ញាបត្រនិងចម្លងច្បាប់ ដើមសំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណៈភាពនិងឯកសារផ្សេងៗទៀត នៅ រដ្ឋបាលស្រុក ត្រូវភ្ជាប់មកជាមួយនូវប័ណ្ណចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មកជាមួយ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកកំពង់លែង នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
រដ្ឋបាលស្រុកកំពង់លែង បានកំណត់ទៀតថា ករណីមិនបានភ្ជាប់ប័ណ្ណចាក់វ៉ាក់សាំងមកជាមួយរដ្ឋបាល ស្រុកនឹងមិនផ្តល់សេវារដ្ឋបាលតាមការស្នើសុំជូននោះទេ ហើយនេះជាការចូលរួមចំណែកក្នុងការកាត់បន្ថយការចម្លងជំងឺ កូវីដ-១៩ នៅក្នុងសហគមន៍។
ជាមួយគ្នានេះ រដ្ឋបាលស្រុក ក៏សូមឲ្យអាជ្ញាធរភូមិ ឃុំទាំង០៩ ក្នុងស្រុកកំពង់លែងធ្វើការ ផ្សព្វផ្សាយជូនដល់សាធារណៈជន និងបងប្អូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបាន ដឹងជ្រួតជ្រាបបានទូលំទូលាយពីវិធានការនេះ៕










