កំពង់ឆ្នាំង ៖ ថ្ងៃនេះរដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការបន្តរកឃើញអ្នកវិជ្ជមាន កូវីដ-១៩ តាម រយៈការធ្វើតេស្តរហ័ស ចំនួន៦៥នាក់ ស្លាប់១នាក់ ខណៈអ្នកជំងឺបានជាសះស្បើយចំនួន២៧នាក់ ។
រដ្ឋបាល ខេត្តកំពង់ឆ្នាំងបានឲ្យដឹងថាអ្នកវិជ្ជមានកូវីដ១៩ ទាំង៦៥នាក់នេះ ជាអ្នករស់នៅក្នុងក្រុងកំពង់ឆ្នាំងចំនួន១៦នាក់ ស្រុកកំពង់ត្រឡាចំ៨នាក់ ស្រុកជលគិរី៤នាក់ ស្រុកបរិបូរណ៍២នាក់ ស្រុករលាប្អៀរ៣២នាក់ ស្រុកសាមគ្គីមានជ័យ២នាក់ និង មកពីខេត្តកំពង់ចាមចំនួន១នាក់ ។
ដោយឡែកអ្នកស្លាប់១នាក់ ដោយសារជំងឺកូវិដ១៩ ឈ្មោះ ឡាច ឡូ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកំពង់អុស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
រដ្ឋបាល ខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទង ដោយផ្ទាល់ ឬប្រយោលជាមួយអ្នកវិជ្ជមានកូវីដ១៩ ទាំង៦៥នាក់នេះ ក្នុងរយៈពេល ១៤ថ្ងៃមុន សូមមកពិនិត្យ សំណាកជាបន្ទាន់នៅ មន្ទីរពេទ្យឬមណ្ឌលសុខភាពដែល នៅជិតបំផុតដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺ កូវីដ-១៩ និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ វិធានការ “៣ការពារ និង ៣កុំ” ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តកំពង់ឆ្នាំង រកឃើញអ្នកឆ្លងកូវិដ១៩ សរុបចំនួន៣ ៤៣៥នាក់ ស្រីចំនួន២ ០៩១នាក់ អ្នកជំងឺជាសះស្បើយសរុបចំនួន២ ៨៥២នាក់ ស្រីចំនួន១ ៧៦៨នាក់ ស្លាប់សរុបចំនួន៩៩នាក់ ស្រីចំនួន៦០នាក់និងកំពុងសម្រាកព្យាបាលសរុបនចំនួន៤៨៤នាក់ ស្រីចំនួន២៦៣នាក់ ៕











