កំពង់ឆ្នាំង ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តពោធិសាត់ ចុះបង្ក្រាបបទល្មើសគ្រឿងញៀន មួយករណីដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់និងដកហូតបានថ្នាំញៀនជាច្រើនកញ្ចប់ ។

ករណីបង្ក្រាបគ្រឿងញៀននេះ ធ្វើឡើងនៅវេលាម៉ោង១៧និង៣០នាទីល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នៅចំណុចភូមិទួលត្បែង ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិសាត់ ។
មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ដែលត្រូវឃាត់ខ្លួន១/ឈ្មោះអាង ណារីន ភេទប្រុសអាយុ ២១ឆ្នាំ មុខរបរជាងឈើ។ ២/ឈ្មោះនោពិទូភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងម៉ូតូ ។ និង ៣/ឈ្មោះកែវ សុវី ភេទប្រុសអាយុ២១ឆ្នាំមុខរបរមិនពិតប្រាកដ។ ពួកគេទាំង៣នាក់ មានទីលំនៅក្នុងឃុំឈើតុំស្រុកក្រគរ ខេត្តពោធិសាត់ ។
ក្នុងពេលឃាត់ខ្លួនជនសង្ស័យ កម្លាំងដកហូតបានវត្ថុតាងរួមមាន ម៉្សៅក្រាមពណ៌សថ្លា ( សង្ស័យម៉ាទឹកកក ) ចំនួន៨ កញ្ចប់ធំនិង ៩កញ្ចប់តូច ទម្ងន់៧៤,៧៤ក្រាម ( ថ្លឹងទាំងថង់វេចខ្ចប់ ) ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង រថយន្ត២គ្រឿង ក្នុងនោះមួយគ្រឿងម៉ាកតូយ៉ូតា កាមរីវាឡែន ពណ៌ស គ្មានស្លាកលេខ និង មួយគ្រឿងទៀតម៉ាកតូយ៉ូតាកាមរីឆ្លាម ពណ៌ទឹកមាស ពាក់ស្លាកលេខកំពង់ចាម2A-12 30 និង ម៉ូតូចំនួន២គ្រឿងទៀត គ្មានស្លាកលេខ ។
បច្ចប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕


