កំពង់ឆ្នាំង៖ ចាស់ជរាគ្មានទីពឹង និងគ្រួសារងាយរងគ្រោះចំនួន៥២គ្រួសារ រស់នៅក្នុងក្រុងកំពង់ឆ្នាំង មកពី៤សង្កាត់ រួមមាន សង្កាត់ប្អេរ សង្កាត់ខ្សាម សង្កាត់ផ្សារឆ្នាំង និងសង្កាត់កំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៥ ខែមិថុនានេះ បានទទួលអំណោយពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង។
ក្រៅពីផ្តល់អំណោយអោយពលរដ្ឋទាំង៥២គ្រួសារ ក្នុងឳកាសនោះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង បានណែនាំអោយ បងប្អូនមានការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀតក្នុងការការពារសុខភាព និងធ្វើអនាម័យតាមការណែនាំរបស់លោកគ្រូពេទ្យ និងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាលជាប់ជានិច្ច ពីព្រោះជំងឺឆ្លងកូវិដ១៩ មិនទាន់រលាយបាត់ពីផែនដីនៅឡើយទេ ។
ជាមួយគ្នានោះ លោកជំទាវ ជូ ប៊ុនអេង ក៏បានកោតសសើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងក្រុងកំពង់ឆ្នាំង ដែលបានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ជាពិសេសការធ្វើចត្តាឡីស័កបានហ្មត់ចត់ ចំពោះបងប្អូនដែលធ្វើការចំណាកស្រុក នៅពេលដែលត្រលប់ចូលមកស្រុកកំណើតវិញ។
គួរបញ្ជាក់ថា អំណោយដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋទាំង៥២គ្រួសារដោយក្នុងមួយគ្រួសារៗ ទទួលបាន: អង្ករ១០គីឡូក្រាម អំបិល១កញ្ចប់ ស្ករស១កញ្ចប់ សាប៊ូ១ដុំ ៕












