សត្វ​គោ​មួយ​ហ្វូង​ ងាប់​ក្នុង​ដី​ស្រែ​សង្ស័យ​ករណី ​ពុល​ថ្នាំ​

  • ខេត្តកំពង់ឆ្នាំង៖សត្វគោចំនួន១៧ក្បាលបានដេកងាប់ ក្នុងដីស្រែមួយកន្លែងសង្ស័យថា ជាករណីពុលថ្នាំបាញ់ស្រូវ ។

    ករណីនេះកើតឡើងនៅយប់ថ្ងៃ១៤ ខែតុលា ឆ្នាំ២០២៣ នៅចំណុចត្រពាំងធ្លក ភូមិដំណាក់អំពិល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

    លោកម៉ឹង វិសាសុខ មេឃុំក្តុលសែនជ័យឲ្យដឹងថា ម្ចាស់គោមានឈ្មោះ តូត សៀងហីម អាយុ៤២ឆ្នាំ រស់នៅភូមិ,ឃុំ កើតហេតុខាងលើ ។ដោយឡែកម្ចាស់ដីស្រែលោកពុំស្គាល់នោះទេ គ្រាន់តែដឹងថាមានទីលំនៅក្នុងស្រុករលាប្អៀរ។

    បុរសជាម្ចាស់សត្វគោបានឲ្យដឹងថា ក្នុងចំណោមសត្វគោងាប់ទាំងនោះ មានគោញី ចំនួន០៥ក្បាល និងគោឈ្មោលចំនួន១២ក្បាល។ លោកបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ ប្អូនប្រុសរបស់គាត់យកសត្វគោទាំងនោះទៅឃ្វាលដូចសព្វដង ដល់ម៉ោង៣រសៀល ប្អូនរបស់គាត់មកផ្ទះដើម្បីហូបបាយ ដោយលែងគោឲ្យស៊ីស្មៅក្នុងព្រៃ លុះហូបបាយរួចក៏ត្រឡប់ទៅវិញស្រាប់តែមិនឃើញគោទាំងនោះឡើយ ។ លុះយប់ឡើង មានគេមកប្រាប់ថាប្រទះឃើញសត្វគោដេកងាប់ នៅចំណុចវាលស្រែខាងលើ និងបន្តរាយការណ៍ជូនសសមត្ថកិច្ច។

    រហូតដល់ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ សមត្ថកិច្ចមូលដ្ឋានរួមទាំងមន្ត្រីពេទ្យសត្វ បានចុះទៅពិនិត្យមើលជាក់ស្តែង និងបានអះអាងថា សត្វគោទាំង១៧ក្បាលនោះពិតជាងាប់ដោយសាពុលថ្នាំប្រាកដមែន។ ក្នុងនោះសមត្ថកិច្ចជំនាញដាក់ការសង្ស័យថា ម្ចាស់ស្រែ បានបាញ់ថ្នាំពុលលើស្រូវពង្រោះដើម្បីការពារសត្វចង្រៃ ខណៈសត្វគោទាំងនោះមកស៊ីស្មៅបានពុលងាប់តែម្តង ។

    បច្ចុប្បន្នសត្វគោទាំងនោះ បានប្រគល់ឲ្យម្ចាស់ចាត់ចែង និងស្រាវជ្រាវរកអត្តញ្ញាណម្ចាស់ស្រែមកធ្វើការបំភ្លឺតាមនិតិវិធី ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង