កំពង់ឆ្នាំង ៖នៅថ្ងៃសុក្រ ៧រោចខែភទ្របទ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង ឯកឧត្តម គុយ ចន្ថា សមាជិកក្រុមប្រឹក្សាខេត្ត លោក ហ៊ីង ភ័ព្វមិនា អភិបាលក្រុងកំពង់ឆ្នាំង រួមនឹងមន្ត្រីមួយចំនួនទៀត បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧ ជាមួយនឹងលោកតា លោកយាយ ព្រមទាំងពុទ្ធបរិស័ទ្ទនៅ
វត្តទេពធីតារាម ក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

នៅក្នុងពិធីនេះលោក ជំទាវជូ ប៊ុនអេង ឯកឧត្តម គុយ ចន្ថា និង អ្នកចូលរួម បានប្រគេនបច្ច័យ ទ័យវត្ថុ រាប់បាត្រ បង្សុកូល វេភត្តាហា ប្រគេនព្រះសង្ឃនិងពហូទេវា ដាឆ្លង ជាកិច្ចបង្ហើយបុណ្យ ។

នៅក្នុងឳកាសនោះ លោកជំទាវ ជូ ប៊ុនអេង បានអំពាវនាវដល់មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សូមបង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួល ជូនដល់បងប្អូនប្រជាពលរដ្ឋ និង ភ្ញៀវទេសចរ នៅក្នុងកំឡុងពេលបុណ្យកាន់បណ្ឌិ និង ភ្ជុំបិណ្ឌនេះ ។

លោក ជំទាវ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបញ្ជាក់ទៀតថា ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ សុខសន្តិភាព ជូនជាតិ សាសនា ព្រះមហាក្សត្រ និងអប់រំទូន្មានប្រជាពុទ្ធបរិស័ទឲ្យគោរពប្រតិបត្តិតាមផ្លូវល្អ ដើម្បីរក្សានូវសន្តិភាពក្នុងសាសនា ។

សូមបញ្ជាក់ទៀតថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ គ្រប់បងប្អូន កូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារបាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរយើងជាយូរមកហើយ។

ពិធីបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ ៕











