វិញ្ញា​​បន​បត្រ​សម្គាល់​ម្ចាស់​អចលន​​វត្ថុ១ ​៣៩៤​ ប័ណ្ណ ​​ត្រូវ​បាន​ចែក​ជូន​ប្រជា​ពល​រដ្ឋ ​នៅ​ក្នុង​ឃុំ​ខុន​រ៉ង​ ស្រុក​បរិបូរណ៍​

  • កំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ( ប័ណ្ណកម្មសិទ្ធ ) ចំនួន១ ៣៩៤ ប័ណ្ណ ជូនប្រជាពលរដ្ឋនៅក្នុងភូមិកន្សែង និងពពេល ឃុំខុនរ៉ង ស្រុកបរិបូរណ៍ សម្រាប់ប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងមានទំនុកចិត្តលើកម្មសិទ្ធរបស់ខ្លួន ។

    នៅក្នុងឳកាសអញ្ជើញចុះចែកប័ណ្ណកម្មសិទ្ធ ជូនប្រជាពលរដ្ឋនាពេលនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងដោយគូសបញ្ជាក់ថា រាជរដ្ឋាភិបាល និតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបន្តផ្តោតជាសំខាន់លើ ប្រសិទ្ធភាព សមិទ្ធកម្ម ។ បន្ថែមពីនេះរាជរដ្ឋាភិបាល បានឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស និងផ្នែកច្បាប់ ក្នុងដំណើរការចុះបញ្ជីដីធ្លីឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត សម្រាប់ផ្តល់ប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋជាម្ចាស់ដីទាំងឡាយ ដែលបានបំពេញគ្រប់លក្ខខណ្ឌ និងបទដ្ឋានបច្ចេកទេសស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន ។

    សូមបញ្ជាក់ថា រហូតមកដល់នឹងពេលនេះ នៅទូទាំងខេត្តកំពង់ឆ្នាំង អនុវត្តការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធបានចំនួន២៤៥ភូមិ លើ៥៦៩ភូមិ ស្មើ៣៥ឃុំ លើ៧១ឃុំ សង្កាត់ ។ ដោយឡែកសម្រាប់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលត្រូវចែកជូនប្រជាពលរដ្ឋនៅក្នុងកន្សែង និងភូមិពពេល ឃុំខុនរ៉ង ស្រុកបរិបូរណ៍ នាពេលនេះ មានចំនួន១ ៣៩៤ប័ណ្ណ ស្មើនឹង៤៤៥គ្រួសារ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង