កំពង់ឆ្នាំង ៖ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងបានអំពាវនាវឲ្យអ្នកសារព័ត៌មាន បំពេញតួនាទីតាមវិជ្ជាជីវៈ ប្រកបដោយតម្លាភាព ធ្វើយ៉ាងណាដើម្បីទទួលបានការទុកចិត្ត និងការគាំទ្រពីសាធារណៈជន ។

លោកជំទាវ តំណាងរាស្ត្រ បានមានប្រសាសន៍អំពាវនាវទៅកាន់អ្នលសារព័ត៌មានបែបនេះ នៅក្នុងឳកាសដែលលោកជំទាវ អញ្ជើញចូលរួម ក្នុងពិធីទិវាសេរីភាពសារព័ត៌មានសកលលោក ខួបលើកទី៣០ ដែលរៀបចំធ្វើឡើងដោយក្រុមអ្នកសារព័ត៌មាននៅក្នុងខេត្តកំពង់ឆ្នាំង កាលពីល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ ។

លោកជំទាវ កែ ច័ន្ទមុនី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្ថាប័នសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានទាំងអស់ នៅក្នុងខេត្តកំពង់ឆ្នាំង ដែលបានខិតខំរួមចំណែកក្នុងការបំពេញការងារជំនាញនាពេលកន្លងមក ដោយគោរពនិងអនុវត្តទៅតាមក្រមសីលធម៌ និងវិជ្ជាជីវៈ ។ ជាពិសេសបានផ្សព្វផ្សាយពីសមិទ្ធិផលជាច្រើនដែលរាជរដ្ឋាភិបាលសម្រេចបាននិងភាពរីកចម្រើនរបស់ប្រទេសជាតិ ឲ្យពិភពលោកបានដឹងផងដែរ ។

សូមបញ្ជាក់ថា ទិវាសេរីភាពសារព័ត៌មានសកលលោក ត្រូវបានប្រារព្វធ្វើឡើង នៅថ្ងៃទី៣ ខែឧសភា ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់សិទ្ធិ សេរីភាពនៃការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន ការលើកស្ទួយនូវឯករាជភាព នៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ពហុនិយម និងការរំលឹកដល់រដ្ឋាភិបាល នៃប្រទេសទាំងឡាយ នៅលើសកលលោក ដែលបានប្តេជ្ញាចិត្ត ក្នុងការគោរពសេរីភាពសារព័ត៌មាន ឲ្យយកចិត្តទុកលើកកម្ពស់សិទ្ធិ សេរីភាពសារ
ព័ត៌មាន និងធានាសុវត្តិភាពដល់អ្នកសារព័ត៌មានក្នុងការបំពេញភារកិច្ច របស់ពួកគេព្រមទាំងជម្រុញឲ្យស្ថាប័ន្តសារព័ត៌មាន បំពេញតួនាទីតាមវិជ្ជាជីវៈ ប្រកបដោយតម្លាភាព ធ្វើយ៉ាងណាដើម្បីទទួលបានការទុកចិត្ត និងការគាំទ្រពីសាធារណៈជន ៕











