ផ្សារម៉ាក្រូជ្រោយចង្វា បានបើកសម្ពោធជាផ្លូវការ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ក្រោមការវិនិ យោគ រួមគ្នារវាងក្រុមហ៊ុន ម៉ាក្រូ ខេមបូឌា និងក្រុមហ៊ុន LYP Group ដោយប្រើទុនវិនិយោគជិត១៣លានដុល្លារអាមេរិក។ ផ្សារម៉ាក្រូជ្រោយចង្វា ដែលបានបើកសម្ពោធនៅថ្ងៃទី១៤ ខែធ្នូ គឺសាងសង់នៅលើផ្ទៃដីទំហំជិត៣ម៉ឺនម៉ែត្រការ៉េ និងជាគំរោងទី៣ បន្ទាប់ពីការបើកឲ្យដំណើរការផ្សារម៉ាក្រូសែនសុន ក្នុងរាជ ធានីភ្នំពេញ និងផ្សារម៉ាក្រូ ខេត្តសៀមរាប ប្រកបដោយភាពជោគជ័យ។
នៅក្នុងពិធីបើកសម្ពោធផ្សារម៉ាក្រូជ្រោយចង្វារ នាថ្ងៃនេះ ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុន LYP Group និងជាទីប្រឹក្សាផ្ទាល់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថា ផ្សារម៉ាក្រូជ្រោយចង្វា បានសាងសង់នៅលើផ្ទៃដីទំហំ ២៧ ៣៩៧ ម៉ែត្រ ការ៉េ ក្រោមទុន វិនិយោគចំនួនជាង១២លាន ៥សែនដុល្លារ ។ ក្រុមហ៊ុន LYP Group បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការបោះទុនវិនិយោគ ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ។ 
ឯកឧត្តម អ្នកឧកញ៉ា បានបន្តថា វត្តមាន ផ្សារម៉ាក្រូទាំង៣ទីតាំងដែលប្រើទុនវិនិយោគសរុបជាង ៤២លានដុល្លារ បានបង្កើតការងារជូនពលរដ្ឋខ្មែរចំនួនជិត ៦៣០នាក់ និងបានផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការទិញទំនិញដែលមានគុណ ភាពខ្ពស់ មានអនាម័យល្អ និងមានតម្លៃសម្ប។ លើសពីនេះ វត្តមានផ្សារម៉ាក្រូជ្រោយចង្វា ក៏នឹងជួយជំរុញការអភិវឌ្ឍន៍តំបន់ជុំវិញនេះឲ្យកាន់តែមានសន្ទុះលឿនទៅមុខយ៉ាងឆាប់រហ័ស។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានចូលរួមអបអរសាទរជាមួយនឹងក្រុមហ៊ុនម៉ាក្រូ (ខេមបូឌា) ចំពោះការរីកចម្រើនលូតលាស់ជាលំដាប់ រហូតសម្រេចបាននូវសមិទ្ធផលដ៏វិសេសវិសាល គឺការបើកសម្ពោធសាខាទី៣ ជ្រោយចង្វារ ដែលនេះកើតចេញពីសមត្ថភាព ការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ប្រកបដោយស្មារតីបុរេសកម្ម វិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងបុគ្គលិក-និយោជិតទាំងអស់របស់ក្រុមហ៊ុន។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្ថែមថា ក្រៅពីការសម្តែងឱ្យឃើញនូវការជឿទុកចិត្ត និងការរួមសុខរួមទុក្ខជាមួយប្រទេស និងប្រជាជនកម្ពុជា, ការរីកលូតលាស់នេះ ក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងសហគមន៍ ជាពិសេសបានផ្តល់ឱកាសការងារជាច្រើនដល់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាអត្ថប្រយោជន៍ជាច្រើនទៀតដល់មូលដ្ឋាន និងអាជីវកម្មពាក់ព័ន្ធ ៕











