កំពង់ឆ្នាំង ៖ សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ៣ឆ្នាំរំកិល របស់ស្រុកកំពង់លែង សម្រាប់ឆ្នាំ២០២៣,២០២៥ ត្រូវបានរៀបចំធ្វើឡើង នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះក្រោមអធិបតីភាព ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង ។ អញ្ជើញចូលរួមនៅក្នុងសិក្ខាសាលានេះផងដែរមានលោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក មន្ត្រីការិយាល័យចំណុះរដ្ឋបាលស្រុក មេឃុំ ស្មៀនឃុំ និង តំណាងអង្គការសង្គមស៊ីវិល មួយចំនួនទៀត ។

លោកស្រី ភោគ ចាន់នី អភិបាលរងស្រុកកំពង់លែង បានបញ្ជាក់ថា សិក្ខាសាលានេះរៀបចំឡើងដើម្បីបង្ហាញពីតម្រូវការ អភិវឌ្ឍន៍មូលដ្ឋាន និងសម្របសម្រួល បន្សីនូវតម្រូវការអភិវឌ្ឍន៍ទាំងនេះជាមួយគម្រោងនិងធនធានរបស់ដៃគូ អភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និង អ្នកពាក់ព័ន្ធនានា ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធិភាព ។

ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ ជម្រុញដល់អ្នកពាក់ព័ន្ធទាំងអស់ឲ្យយកចិត្តទុកដាក់តាមដាននូវបទបង្ហាញ ហើយធ្វើការពិភាក្សាគ្នាឲ្យបានផុលផុសនិងស៊ីជម្រៅ ធ្វើការវិភាគឲ្យបានគ្រប់ជ្រុងជ្រោយ លើគម្រោងសកម្ម ភាព ជាអាទិភាព ដែលមិនទាន់មានការគាំទ្ររបស់កម្មវិធីវិនិយោគថ្នាក់ខេត្តនិងស្រុក ដើម្បីពិនិត្យមើលពីសក្តានុពលធនធាន ក្នុងអង្គភាពជំនាញ និងលទ្ធភាពធនធានផ្សេងៗទៀត ដែលបានមកពីថ្នាក់ជាតិ តាមរយះក្រសួង ឬធនធានពីអង្គការជាតិ អន្តរជាតិ សប្បុរសជន និង ពីប្រភពផ្សេងៗ ហើយធ្វើការវិភាគពីសូចនាករ ព្យាករណ៍ ពីសកម្មភាពដែលនឹងត្រូវវិនិយោគ នាពេលអនាគត ៕














