ក្រសួង​ការពារ​ជាតិ​ចិន​ ផ្តល់​រថ​យន្ត ​និង​សម្ភារ​យោ​ធា​ជា​ជំនួយ​ឥត​សំណង​ជូន​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​

  • រថយន្ត គ្រឿងចក្រគ្រប់ប្រភេទចំនួន១១៧គ្រឿង និងសម្ភារៈមួយចំនួន ដែលជាជំនួយឥតសំណងរបស់ ក្រសួងការពារជាតិនៃសាធារណរដ្ឋប្រជាមានិត​ចិន ត្រូវបានផ្តល់ដល់ក្រសួងការពារជាតិកម្ពុជា ។ ពិធីប្រគល់ ទទួលរថយន្តនិងសម្ភារយោធាទាំងនេះ បានធ្វើឡើងក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ស្ថិតនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ។

    សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា រថយន្តនិងសម្ភារៈទាំងអស់នេះពិតជាមានតម្លៃមិនអាច​កាត់ថ្លៃបាន ក្នុងពេលដែលក្រសួងការពារជាតិកម្ពុជា កំពុងត្រូវការចាំបាច់បំផុត សម្រាប់បម្រើឱ្យការងារថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណ: ផ្នែកយោធា ជាពិសេសពេលកម្ពុជា កំពុងមមារញឹក ក្នុងការបំពេញតួនាទីដឹកនាំក្នុងឋានៈជាប្រធានរាល់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ានសម្រាប់ឆ្នាំ២០២២ ។

    សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានថ្លែងអំណរគុណដល់ភាគីចិន ចំពោះការជួយឧបត្ថម្ភគាំទ្រអស់ពីចិត្ត ពីថ្លើមនិងទាន់ពេលវេលា ជាពិសេសនៅក្នុងការប្រយុទ្ធក្នុងសមរភូមិជំងឺកូដ-១៩ ដែលកម្ពុជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់មកទល់ពេលនេះ និងការកសាងពង្រឹងសមត្ថភាពរបស់កងយោធពលខេមរភូមិន្ទ ដើម្បីការពារអធិបតេយ្យរបស់ខ្លួន ក៏ដូចជារួមចំណែកនៅក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ ។

    ជាមួយគ្នានេះ ឯកឧត្តម វ៉ាងវិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក៏បានបង្ហាញក្តីសប្បាយរីករាយ ចំពោះការជួយឧបត្ថម្ភរបស់ក្រសួងការពារជាតិ​ចិន លើគម្រោងធ្វើទំនើបកម្មកងទ័ពជើងទឹកនៅមូលដ្ឋានរាម គម្រោងសាងសង់ទីលានបាញ់គ្រាប់ពិតនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ តំបន់ភ្នំជុំរាយ គម្រោងសាងសង់អគារសិក្សាចម្រុះនៅវិទ្យស្ថានកងទ័ពជើងគោក រួមនិងគម្រោងផ្ដល់ជំនួយនានាជាច្រើនទៀត គឺសុទ្ធសឹងជាគម្រោងនៃកិច្ចសហប្រតិបត្តិការយោធាសំខាន់ ដែលបានបើកការដ្ឋានសាងសង់ដោយរលូន ។ ហើយប្រទេសចិន រំពឹងថា តាមរយៈជំនួយទាំងនេះ កម្ពុជានឹងអាចដើរតួនាទីកាន់តែសកម្ម និងសំខាន់នៅក្នុងកិច្ចការក្នុងតំបន់ ។

    គួរបញ្ជាក់ថា ជំនួយរថយន្តជាង១០០គ្រឿង និងសម្ភារៈមួយចំនួនដែលប្រទេសចិន បានផ្តល់ជូនកម្ពុជានេះ គឺដើម្បីបម្រើដល់ការងារធានារក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំនានា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជាប្រធានប្តូរវេនអាស៊ាន ឆ្នាំ២០២២នេះ ។

    កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ប្រទេសចិនក៏បានផ្តល់រថយន្ត១៥០គ្រឿង និងសម្ភារៈការិយាល័យមួយចំនួនដល់ក្រសួងការពារជាតិកម្ពុជា ដើម្បីត្រៀមប្រើប្រាស់ដឹកប្រតិភូជាន់ខ្ពស់សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំនេះ និងមួយផ្នែកទៀតសម្រាប់សកម្មភាពការងាររបស់អង្គភាពប្រវត្តិសាស្ត្រយោធា ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង