ព្រះ​មហា​ក្សត្រ ​និង​ព្រះ​វរ​រាជ​មាតា​ បាន​យាង​ចាក​ចេញ​ពី​រាជ​ធានី​ភ្នំពេញ​ ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង​ប៉េ​កាំង​ហើយ​ ដើម្បី​ពិនិត្យ​ព្រះ​រាជ​សុខ​ភាព ​

  • ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យ បានយាងចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យ និង ព្យាបាលព្រះរាជសុខភាព។

    ក្នុងព្រះរាជសារជូនប្រជារាស្ត្រខ្មែរកាលពីថ្ងៃទី១៦ ខែសីហា កន្លងទៅនេះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានមានព្រះរាជបន្ទូលថា ព្រះអង្គនឹងព្រះអវត្តមានពីកម្ពុជា ចាប់ពីថ្ងៃទី២១ ខែសីហាតទៅ។ ក្នុងកំឡុងនៃព្រះអវត្តមាននេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹង បំពេញភារកិច្ចថ្វាយព្រះអង្គ ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី។

    សូមបញ្ជាក់ថា ក្រោមចំណងទំនាក់ទំនងដ៏ស្អិតល្មួតពោរពេញដោយភាពរឹងមាំមិនអាចពុះបំបែកបាន រដ្ឋាភិបាលចិន បានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រី។ ការយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យចិន គឺបានចាប់ផ្តើមឡើងតាំងពីអតីតព្រះមហាក្សត្រ សម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ។

    ការយកចិត្តទុកដាក់ចំពោះព្រះរាជសុខភាព របស់ព្រះមហាក្សត្រ ក្រុមវេជ្ជបណ្ឌិតចិន តែងយាងព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ទៅពិនិត្យព្រះរាជសុខភាពមួយឆ្នាំពីរដង។ មួយដងធ្វើឡើងនៅដើមឆ្នាំ ហើយមួយដងទៀត ធ្វើឡើងចុងឆ្នាំ។

    នៅឆ្នាំ២០២២នេះ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះវររាជមាតាជាតិខ្មែរ បានយាងទៅពិនិត្យព្រះរាជសុខភាពរួចម្តងមកហើយ កាលពីថ្ងៃទី៤ ខែមីនា ។ ក្នុងព្រះរាជដំណើរយាងទៅពិនិត្យព្រះរាជសុខភាព កាលលើកទីមួយនោះ ព្រះអង្គទាំងទ្វេ បានគង់ប្រថាប់នៅក្រុងប៉េកាំង រយៈពេលជាងមួយខែ។

    សម្រាប់ការយាងចេញទៅពិនិត្យព្រះរាជសុខភាពលើកទី២ នេះ មិនទាន់មានការជូនព័ត៌មានថា តើព្រះអង្គទាំងទ្វេនឹងយាងត្រឡប់មកកម្ពុជាវិញនៅពេលណានោះទេ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង