កំពង់ឆ្នាំង ៖ អភិបាលរងខេត្តកំពង់ឆ្នាំង ឯកឧត្តម ឈិន សេងងួន បានប្រាប់ទៅនាយករដ្ឋបាលថ្មី ឲ្យយកចិត្តទុកដាក់ ក្នុងការអនុវត្តន៌ នូវតួនាទីភារកិច្ចរបស់ខ្លួន ដោយទទួលខុសត្រូវលើការងារ ដែលថ្នាក់លើប្រគល់ឲ្យ រក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ប្រកាន់ខ្ជាប់នូវគោលការណ៌គ្រឹះទាំង៤ សម្រាប់មន្ត្រីមុខងារសាធារណៈ គឺឆន្ទៈ ម្ចាស់ការ ភក្តីភាពមនសិការវិជ្ជាជីវៈ និង វប្បធម៌ សេវាសាធារណៈ និង ត្រូវសហការល្អ ជាមួយអង្គភាព ស្ថាប័ន នានាក្នុងខេត្តផងដែរ ។

ឯកឧត្តម អភិបាលរងខេត្តកំពង់ឆ្នាំង បានធ្វើការផ្តាំផ្ញើបែបនេះ នៅក្នុងពិធីប្រកាសចូលកាន់តំណែងលោក ម៉ៅ តារា ជានាយករដ្ឋបាលខេត្តថ្មី កាលពី
រសៀលថ្ងៃី២៧ ខែឧសភា ឆ្នាំ២០២២ ។

ឯកឧត្តម ឈិន សេងងួន បានបន្ថែមថា ជាថ្នាក់ដឹងនាំ ត្រូវជម្រុញលើកទឹកចិត្តនិងបណ្តុះបណ្តាលមន្ត្រីថ្នាក់ក្រោម គឺជាកិច្ចការសំខាន់ ដែលត្រូវយក ចិត្តទុកដាក់បំផុត ។ ជាមួយនេះត្រូវគោរព និង អនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តិ នានារបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និង សេចក្តីណែនាំរបស់រដ្ឋបាលខេត្ត ឲ្យមានប្រសិទ្ធភាពខ្ពស់ ។

សូមបញ្ជាក់ថា លោក ម៉ៅ តារា ឋានន្តរស័ក្តិ ឧត្តមមន្ត្រីថ្នាក់លេខ៥ ត្រូវបានក្រសួងមហាផ្ទៃ សម្រេចតែងតាំង ឲ្យកាន់មុខតំណែងជានាយករដ្ឋបាលខេត្តកំពង់ឆ្នាំង ជំនួសលោក អ៊ុន សុផល ដែលត្រូវចូលនិវត្តន៍ ៕











