កំពង់ឆ្នាំង ៖ អាជ្ញាធរខេត្តកំពង់ឆ្នាំង មានគម្រោងស្ថាបនា និង ជួសជុលផ្លូវជាច្រើនខ្សែ នៅក្នុងក្រុងកំពង់ឆ្នាំង បន្ទាប់ពីរងការខូចខាត នៅក្នុងរដូវវស្សាកន្លងទៅ ។ ជាក់ស្តែងនៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានបើកការដ្ឋានស្ថាបនាផ្លូវក្រាលបេតុងចំនួន៦ខ្សែរ ប្រវែង២ ៦០០ ម៉ែត្រ ស្ថិតក្នុងភូមិកោះក្របី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលកន្លងទៅមានការលំបាកខ្លាំង ក្នុងការធ្វើដំណើរ ។ ពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងទាំង៦ខ្សែនេះ ធ្វើឡើងក្រោមអធិបតីភាពលោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង និង មានការចូលរួម ពីមន្ត្រីអាជ្ញាធរក្រុង ព្រមទាំងថ្នាក់ដឹកនាំ មន្ទីរ ស្ថាប័ន្ត នានា ក្នុងខេត្តផងដែរ ។

លោក ហ៊ីង ភព្វមិនា អភិបាលរងក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា ផ្លូវដែលបានបើកការដ្ឋានស្ថាបនា នៅពេលនេះ មានចំនួន៦ខ្សែរ ប្រវែង២ ៦០០ម៉ែត្រ ,ទទឹង ១០ម៉ែត្រ និង ១៥ម៉ែត្រ ដោយត្រូវលើកកម្ពស់១ម៉ែត្រកន្លះ ដើម្បីកុំឲ្យទឹកលិចនៅរដូវវស្សា ជាថវិកាចំណាយរបស់រាជរដ្ឋាភិបាល ។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅនេះ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ធ្លាប់បញ្ជាក់ថា ផ្លូវដែលរងការខូចខាត ហើយប្រជាពលរដ្ឋជួបការលំបាក ក្នុងការធ្វើដំណើរ នៅក្នុងក្រុងកំពង់ឆ្នាំង និង នៅតាមបណ្តាស្រុកផ្សេងៗទៀត នឹង ចាប់ផ្តើមធ្វើការជួសជុលនិងស្ថាបនា ឡើងវិញនៅចុងឆ្នាំ២០២១នេះ ដោយក្រុមការងារបច្ចេកទេស បានសិក្សារួចរាល់ហើយ ៕











