កំពង់ឆ្នាំង៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនពាក់ព័ន្ធក្នុងករណីចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
បើតាមកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានអោយដឹងថា ជនសង្ស័យមានឈ្មោះ ជា សុណ្ណដា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ក្នុងប្រតិបត្តិការឃាត់ខ្លួននោះ កម្លាំងកងរាជអាវុធហត្ថ បានដកហូតវត្ថុតាងរួមមាន ម្ស៉ៅក្រាមពណ៌សថ្លា(សង្ស័យម៉ាទឹកកក) ចំនួន០២កញ្ចប់ ទម្ងន់៣.០៨ក្រាម( ថ្លឹងទាំងថង់វេចខ្ចប់) និងឧបករណ៍ជក់មួយចំនួនទៀត ទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាកVIVO ពណ៌ខ្មៅ ម៉ូតូចំនួន០២គ្រឿង: ម៉ាកហុងដាDream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ កំពង់ឆ្នាំង1H:3079 និង ម៉ាក PhanTom ពណ៌ខៀវ អត់ស្លាកលេខ។
ក្នុងពេលឃាត់ខ្លួននោះជនសង្ស័យត្រូវបានឲ្យគ្រូពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ ជាលទ្ធផលអវិជ្ជមាន។ បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ការិយាល័យជំនាញ បានកសាងនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង។










