កំពង់ឆ្នាំង ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង ម្នាក់ទៀតរងរបួសស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ត និងម៉ូតូ នៅលើផ្លូវជាតិលេខ៥ ចន្លោះ គីឡូម៉ែត្រ ៨២ ៨៣ ស្ថិតក្នុងឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីវេលា ម៉ោង ជិត៩ព្រឹក ថ្ងៃទី២៣ ខែ មករា ឆ្នាំ ២០២០។
ប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកហុងដា C125 ស៊េរី ឆ្នាំ២០១៤ បើកបរដោយ យុវជនឈ្មោះ ង៉ុ យ ខៀវ អាយុ ២៦ ឆ្នាំ រស់នៅភូមិមេទឹក ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ជិះឌុបគ្នាជាមួយមិត្តភក្ដិម្នាក់ទៀត ពីក្រោយឈ្មោះ ស៊ន សន អាយុ ២៦ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ។
ប្រភព បញ្ជាក់ទៀតថា នៅពេលមកដល់ចំណុចកើតហេតុក៏មានរថយន្ត មួយគ្រឿងម៉ាកគា កូរ៉េពណ៌ខៀវពាក់ស្លាកលេខ ភ្នំពេញ 3A. 5730 បើកបរច្រាស់ទិសគ្នាពីត្បូងទៅជើងបានបុកម៉ូតូចំកណ្ដាលទ្រូងផ្លូវបណ្ដាលឲ្យយុវជនឈ្មោះ ស៊ន សន ជិះពីក្រោយអត់ពាក់មួកសុវត្ថិភាពធ្លាក់ ពីលើម៉ូតូបោកក្បាលផ្ទប់នឹងថ្នល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ចំណែកអ្នកបើកបរម៉ូតូ ឈ្មោះ ង៉ុ យ ខៀវ ពាក់មួកសុវត្ថិភាពបានរងរបួស ស្រាល ត្រូវបានបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ។ រីឯអ្នកបើកបរ រថយន្ត មិនស្គាល់ អត្តសញ្ញាណនោះទេបានទុករថយន្ត ចោលនៅកន្លែងកើតហេតុហើយបានរត់គេចខ្លួនបាត់។
ក្រោយកើតហេតុមធ្យោបាយបង្កត្រូវសមត្ថកិច្ចអូសយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីចាត់ទៅតាមនិតិវិធីច្បាប់៕