កំពង់ឆ្នាំង៖ រដ្ឋបាលក្រុងកំពង់ឆ្នាំង បានប្រកាសបិទការចេញចូលជាបណ្តោះអាសន្ន គ្លីនិកព្យាបាលជំងឺទូទៅនិងកុមារ (វេជ្ជ.ប៉ុល ប៊ូ) ផ្ទះលេខ B 156 ផ្លូវ លេខ ៤០ ស្ថិតនៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ក្រោយបុរសវិជ្ជមានកូវីដ១៩ម្នាក់ ធ្លាប់បានចូលសម្រាក់ព្យាបាល។

រដ្ឋបាលក្រុងកំពង់ឆ្នាំង បានអោយដឹងថា ដោយកន្លងមកមានបុរសជនជាតិខ្មែរឈ្មោះ សោម ឡូ អាយុ ៣៨ឆ្នាំ មុខងារធ្វើជាអ្នកពិនិត្យ(QC) ក្នុងខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ហើយបច្ចុប្បន្នឈ្មោះ សោម ឡូ បានមករស់នៅផ្ទះរបស់គាត់ ស្ថិតនៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ កាលពីនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ដោយមានអាការៈក្តៅខ្លួនលើល ៣៨ អង្សារសេ ពិបាកដកដង្ហើម ក្រុមគ្រូពេទ្យ បានដាក់គាត់ឱ្យព្យាបាលនៅដាច់ដោយឡែកផ្នែកអគារជំងឺឆ្លង។

រដ្ឋបាលក្រុងកំពង់ឆ្នាំង បានអោយដឹងទៀតថា បន្ទាប់ពីមានការណែនាំរបស់ ក្រុមគ្រូពេទ្យជំនាញឱ្យធ្វើចត្តាឡីស័កនៅផ្ទះចំនួន ១៤ ថ្ងៃ ប៉ុន្តែលុះដល់ម៉ោង ៧យប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ដដែលគាត់ក៏បានជិះម៉ូតូកង់បីរបស់ឈ្មោះ ពិន ប៉ូ មកពិនិត្យសុខភាពនៅគ្លីនិកវេជ្ជ. ប៉ុល ប៊ូ ហើយបានដាក់សេរ៉ូមនិងថ្នាំ មួយចំនួនលេបនៅផ្ទះ។ លុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ បុរសនោះបានទៅពិនិត្យនៅគ្លីនិកខាងលើម្តងទៀត ដោយបានដាក់សេរ៉ូម និងប្រើប្រាស់ថ្នាំលេបដដែល លុះដល់វេលម៉ោ ១១.០០នាទីព្រឹក បុរសនោះបានចូល មកសំរាកព្យាបាលនៅមន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំងម្តងទៀត ដោយមានអាការៈកាន់តែធ្ងន់ធ្ងរ។
រដ្ឋបាលក្រុងកំពង់ឆ្នាំង ក៏បានអោយដឹងទៀតថា បន្ទាប់ពីយកសំណាកលើកទី២ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ឈ្មោះសោម ឡូ ត្រូវបានគ្រូពេទ្យយក សំណាកទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ និងបានរកឃើញវិជ្ជមានមេរោគកូពី៥-១៩នៅថ្ងៃទី០៤ ខែមេសាឆ្នាំ២០២១។
រដ្ឋបាលក្រុងកំពង់ឆ្នាំង ក៏អំពាវនាវដល់បងប្អូនដែលមានការពាក់ព័ន្ធផ្ទាល់ ឬដោយប្រយោលទាំងអស់ មេត្តាប្រញាប់រួសរាន់មកជួបក្រុមគ្រូពេទ្យ ដើម្បីយកសំណាកទៅធ្វើតេស្តជាបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕










