កំពង់ឆ្នាំង ៖មន្ត្រីជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ បានសហការជាមួយអាជ្ញាធរស្រុកកំពង់ត្រឡាច ចុះរុះរើសាបបេតុង ដុំបេតុង ដែលប្រជាពលរដ្ឋចាក់លើចិញ្ចើមផ្លូវជាតិលេខ៥ សម្រាប់ឡើងរថយន្ត និងម៉ូតូ ចូលទៅកាន់លំនៅដ្ឋានរបស់ខ្លួន ។

មន្ត្រីជំនាញបានឱ្យដឹងថា ការចាក់សាបបេតុង និងដាក់ដែកនៅលើចិញ្ចើមផ្លូវជាតិលេខ៥ សម្រាប់ឡើងរថយន្ត និងម៉ូតូ មានច្រើនកន្លែង ដែលភាគច្រើននៅចំណុចទីប្រជុំជន ។ករណីនេះមន្ត្រីជំនាញ និងអាជ្ញាធរ បានចុះផ្សព្វផ្សាយ និងហាមឃាត់ជាបន្តបន្ទាប់ ប៉ុន្តែពួកគាត់មិនស្តាប់ ហើយចេះតែធ្វើតាមគ្នា ។

ការចាក់សាបបេតុង និងដាក់ដែក សម្រាប់ឡើងរថយន្ត និងម៉ូតូ គ្មានសណ្តាប់ធ្នាប់ និងខុសលក្ខណៈបច្ចេកទេស នៅលើចិញ្ចើមផ្លូវ អាចបង្ករឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងធ្វើឱ្យបាត់បង់សោភ័ណ្ឌភាពផ្លូវផងដែរ ។ដើម្បីទប់ស្កាត់ករណីនេះកុំកើតមានតទៅទៀត មន្ទីរសាធារណការ និងសហការជាមួយអាជ្ញាធរ ចុះរុះរើចេញ ដោយចាប់ផ្តើមពីស្រុកកំពង់ត្រឡាចមុនគេ ៕អត្ថបទ ៖ហឹង ចូច











