កំពង់ឆ្នាំង ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន កម្ពុជា បានថ្លែងឲ្យដឹងថា អង្គភាពស៊ីម៉ាក់និងសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការហ្វឹកហ្វឺនសុនខ ហិតក្លិនរកគ្រឿងញៀន ដើម្បីទប់ស្កាត់បទល្មើសគ្រឿងញៀន នៅក្នុងប្រទេសកម្ពុជា ។

ឯកឧត្តម ហេង រតនា បានថ្លែងបញ្ជាក់បែបនេះ នៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបច្ចេកទេសនិងវិជ្ជាជីវៈ១ ឯកទេសបោសសំអាត និងកំទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ដែលមានទីតាំងស្ថិតក្នុងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ឯកឧត្តម ហេង រតនា បានថ្លែងថា ក្រៅពីហិតក្លិនរកគ្រាប់មីន សត្វសុនខនឹងរួមចំណែក នៅក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើស តាមរយះទេពកោសល្យ នៃការប្រើប្រាស់ជំនាញរបស់វា ក្នុងការហិតរកគ្រឿងញៀនជាដើម ។ ដូចនេះអង្គភាពស៊ីម៉ាក់នឹងបង្កើនការហ្វឹកហាត់សុនខ ហិតក្លិនរកគ្រឿងញៀនឲ្យបានច្រើនបន្ថែមទៀត ។

ឯកឧត្តមបានថ្លែងបន្តថា វគ្គហ្វឹកហ្វឺននេះ ពិតជាមានសារសំខាន់បំផុតដល់សិក្ខាកាមទាំងអស់ ដែលបានសិក្សានូវបទពិសោធន៍ បច្ចេកទេសថ្មីៗ ក្នុងការបោសសំអាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ប្រកបដោយសុវត្តិភាពខ្ពស់ ក្នុងបំពេញការងារ ជាក់ស្តែងរបស់ខ្លួន នៅចំការមីន ៕











