កំពង់ឆ្នាំង ៖ ក្រោយពីមានករណីប្រជាពលរដ្ឋ២នាក់ នៅខេត្តស្វាយរៀង និងខេត្តព្រៃវែង បានស្លាប់ដោយសារជំងឺផ្តាសាយបក្សី នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានធ្វើយុទ្ធនាការ ចុះផ្សព្វផ្សាយ និងធ្វើជីវៈសុវត្តិភាព ( បាញ់ថ្នាំសម្លាប់មេរោគ )ដើម្បីការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនេះ។

លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល បានឲ្យដឹងថា នៅថ្ងៃទី១១តុលានេះ មន្ត្រីបសុពេទ្យបានចុះផ្សព្វផ្សាយ និងជីវៈសុវត្តិភាព នៅស្រុកកំពង់ត្ររឡាច ស្រុករលាប្អៀរ ស្រុកទឹកផុស និងស្រុកបរិបូរណ៍ ហើយនៅថ្ងៃទី១២ តុលា ចុះធ្វើនៅក្រុងកំពង់ឆ្នាំង ។

លោក ក្រឹង សំអាត បានឲ្យដឹងថា យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកលក់ និងអ្នកទិញបក្សី និងស៊ុតបក្សី បានចំនួន៤៣កន្លែង ធ្វើជីវៈសុវត្តិភាព ( បាញ់ថ្នាំសម្លាប់មេរោគ ) នៅតាមកសិដ្ឋានចិញ្ចឹមបក្សី កន្លែងស្តុក ទិញ លក់ និងកន្លែងពិឃាត បាចំនួន៣៩កន្លែង ព្រមទាំងបិទខិតប័ណ្ឌ ចែកខិតប័ណ្ឌ នៅតាមទីសាធារណៈ បានចំនួន១៥៧កន្លែងផងដែរ ៕











