កំពង់ឆ្នាំង៖ ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានក្រើនរំលឹកដល់មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ នៅក្នុងស្រុកកំពង់លែង ត្រូវសហការគ្នាទប់ស្កាត់បង្ក្រាបបទល្មើសនេសាទ និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធភាព ។ ការក្រើនរំលឹករបស់ឯកឧត្តម បែបនេះ នៅក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ៣ឆ្នាំរំកិល សម្រាប់ឆ្នាំ២០២៣ ,២០២៥ របស់ស្រុកកំពង់លែង នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ។

ឯកឧត្តម អភិបាលរងខេត្ត បញ្ជាក់ថា កន្លងទៅនេះមន្ត្រីអាជ្ញាធរ និង សមត្ថកិច្ចពាក់ព័ន្ធ បានខិតខំយ៉ាងខ្លាំង ដោយបានសហការគ្នាចុះទៅបង្ក្រាបជាបន្តបន្ទាប់ ប៉ុន្តែនៅតែមានជនមួយចំនួនលបលួចប្រព្រឹត្តដោយមិនព្រមបោះបង់ចោលនូវមុខរបរខុសច្បាប់នេះឡើយ ។ ដូចនេះមន្ត្រីពាក់ព័ន្ធត្រូវរួមគ្នា ចុះទៅផ្សព្វផ្សាយផងនិងធ្វើការបង្ក្រាបជាក់ស្តែងផង ឲ្យមានប្រសិទ្ធិភាព ។
ជាមួយគ្នានេះ ឯកឧត្តម ក៏ណែនាំឲ្យ មន្ត្រីនិងសមត្ថកិច្ច ត្រូវបង្កើនការយកចិត្តទុកដាក់ ពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្តិភាព ដែលក្នុងនោះត្រូវលប់បំបាត់នូវល្បែងស៊ីសង គ្រប់ប្រភេទឲ្យអសពីមូលដ្ឋានរបស់ខ្លួន ។ ពីព្រោះល្បែងស៊ីសងវាមិនបានចំណេញដល់សេដ្ឋកិច្ចជាតិនោះទេ ផ្ទុយទៅវិញបាននាំឲ្យប្រជាពលរដ្ឋ ដែលងប់ងុលនិងល្បែង ត្រូវលក់គោ លក់ក្របី ផ្ទះសំបែង ខាតពេលវេលារកស៊ី ធ្វើឲ្យបែកបាក់គ្រួសារ និងប៉ះពាល់ដល់អនាគតកូនចៅ ដោយសារតែការចាញ់ល្បែងនេះ ៕











