កំពង់ឆ្នាំង ៖ ឯកឧត្តម ម៉ម ឈឿម ទីប្រឹក្សាក្រសួងព័ត៌មាន និង ជាប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ឆ្នាំងបានក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទ ជាពិសេសការិយាល័យជំនាញទាំង៣ ត្រូវបន្តរួមសហការគ្នាក្នុងការផលិតព័ត៌មាន ឲ្យបានឆាប់រហ័ស និង បានគ្រប់ជ្រុងជ្រោយ ប្រកបដោយប្រសិទ្ធភាព និង គុណភាពខ្ពស់ ទាក់ទាញការស្តាប់ និង ទស្សនា ពីប្រជាពលរដ្ឋពលរដ្ឋ ។

ឯកឧត្តម ប្រធានមន្ទីរព័ត៌មាន បានមានប្រសាសន៍បញ្ជាក់បែបនេះ នៅក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និង មន្ត្រីក្រោមឱវាទ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ ។

ឯកឧត្តម ម៉ម ឈឿម បានបញ្ជាក់ថា ព័ត៌មានបើអ្នកណាផ្យាយបានមុន អាចទាក់ទាញបានមុន បញ្រ្ជាបបានមុនគេ និង ធ្វើឲ្យគេដឹងមុនគេពិសេសទប់ឥទ្ធិពលព័ត៌មានដែលមិនគ្រប់លក្ខណៈ បានមុនគេផងដែរ ។ ហើយអ្នកស្តាប់ និង អ្នកទស្សនានឹងស្គាល់អំពីតម្លៃនៃព័ត៌មាន ដែលក្រុមការងារព័ត៌មានបានផលិតឡើង ប្រកបដោយវិជ្ជាជីវៈ ទាញបានការស្តាប់ ទស្សនា និង អានតាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិផងដែរ ។

នៅក្នុងកិច្ចប្រជុំនាពេលនោះ ឯកឧត្តម ម៉ម ឈឿម ទីប្រឹក្សាក្រសួងព័ត៌មាន និង ជាប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានសំដែងនូវការកោតសរសើរផងដែរ ចំពោះមន្ត្រីរាជការ នៃមន្ទីរព័ត៌មានគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ក្នុងការបំពេញ ភារកិច្ចរបស់ខ្លួនប្រកប ដោយការទទួលខុសត្រូវខ្ពស់ ធ្វើឲ្យវិស័យព័ត៌មាន នៅខេត្តកំពង់ឆ្នាំង មានភាពរីកចម្រើន បានវិវឌ្ឍន៍ខ្លួនតាមជំនាញ នីមួយៗ ថែមមួយកម្រឹតទៀត ទាំងគុណភាព និង បច្ចេកទេស ដោយពង្រឹងនិងពង្រីក បាននូវវិសាលភាព នៃការផ្សព្វផ្សាយជាក់ស្តែងដោយបានផ្តល់នូវចំណេះដឹង និង ព័ត៌មានពិតជូនប្រជាពលរដ្ឋស្របតាមទិសស្លោករបស់ក្រសួងព័ត៌មាន «ប្លែក លឿន ទុកចិត្តបាន ទីណា ពេលណាក៏បាន » ៕











