សន្និសីទ​អាស៊ាន​ណាប៉ូល​លើកទី៤០៖ នគរបាល​នៃប្រទេស​អាស៊ាន ឯកភាពសហការ​ជួយគ្នាបង្រ្កាប​​បទល្មើស​​ឆ្លង​ដែន​​ចំនួន​១០

  • សន្និសីទអាស៊ានណាប៉ូល លើកទី៤០ លើប្រធានបទ“លើកកម្ពស់សុខដុមនីយកម្ម តំបន់ មាន​សន្តិភាព និងសេ្ថរភាពជានិរន្តរ៍” ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបញ្ចប់ហើយ ប្រកប​ដោយ​ស្មារតី​មិត្តភាព ស្និទស្នាល គោរពគ្នាទៅវិញទៅមក និងទទួលបានលទ្ធផលប្រកបដោយ ផ្លែផ្កា កាលរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ។

    ក្នុងសន្និសីទសារព័ត៌មាន ក្រោយបិទបញ្ចប់ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធិ អគ្គនាយក នៃអគ្គ​នាយកដ្ឋាននគរបាលអន្តោប្រវេសន៍ បានបញ្ជាក់ថា​ អង្គសន្និសីទបានផ្លាស់ប្តូរ​នូវសភាព​ការណ៍ លទ្ធផលការងារ និងបទពិសោធន៍ល្អៗឱ្យគ្នាទៅ វិញទៅមកទាក់ទង​នឹងបទល្មើស​ឆ្លង​ដែន និងបទល្មើសមិនប្រពៃណីមួយចំនួន ក្នុងនោះបានផ្ដោតសំខាន់លើបទល្មើសឆ្លងដែនចំនួន​១០ រួមមាន បទល្មើសជួញដូរគ្រឿងញៀនខុសច្បាប់ សម្មភាពភេរវកម្ម ការជួញដូរអាវុធ​ខុស​ច្បាប់ ការជួញដូរមនុស្ស ការជួញដូរសត្វព្រៃ បទល្មើសលើផ្ទៃសមុទ្រ បទល្មើសពាណិជ្ជកម្ម ធនាគារ និងបណ្ណឥណទានក្លែងក្លាយ បទល្មើសបច្ចេកវិទ្យា ឯកសារធ្វើដំណើក្លែងក្លាយ​និងបទល្មើសឆ្លងដែន។

    នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធិ បានបន្ថែមថា អង្គសន្និសីទក៏បានពិភាក្សាផងដែរអំពី​កិច្ច​សហប្រតិបត្តិ​ការជួយគ្នាទៅវិញទៅមកពេលមានគ្រាអាសន្ន ការបណ្ដុះបណ្ដាលពង្រឹង​សមត្ថភាព​កងកម្លាំង​នគរបាលក្នុងប្រទេសអាស៊ាន ការបន្ត អភិវឌ្ឍន៍ប្រព័ន្ធទិន្នន័យអាស៊ាន​ណាប៉ូល e-ADS 2.0 និងបណ្តាញក្រុមការងារវិទ្យាសាស្ត្រកោសល្យ វិច្ឆ័យនគរបាលអាស៊ាន។

    ជាមួយនោះ នាយឧត្តមសេនីយ៍ បានបន្តថា សន្និសីទក៏បានឯកភាពទទួលយកសំណូមពររបស់​ប្រទេស ស្ថាប័នចំនួន ០៤ មានដូចជា នគរបាល Bangladesh នាយកដ្ឋានសន្តិសុខ​សា​ធារ​ណៈ​​​អ៊ីតាលី ក្រសួងមហាផ្ទៃ អារ៉ាប់រួម និងនគរបាលសហព័ន្ធ Argentine ធ្វើជាអ្នកសង្កេត​ការណ៍​របស់អាស៊ានណាប៉ូល ព្រមទាំងបានឯកភាពគ្នាលើកិច្ចការមួយចំនួនទាក់ទង​នឹងកា​ររៀប​​ចំពង្រឹង​ដំណើរការលេខាធិការដ្ឋានអាស៊ានណាប៉ូលផងដែរ។

    គួរបញ្ជាក់ថា សន្និសីទអាស៊ានណាប៉ូលលើកទី៤០ ធ្វើឡើងក្រោមប្រធានបទ «លើកកម្ពស់​សុខដុមនីយកម្ម តំបន់មានសន្តិភាព និងស្ថិរភាពជានិរន្ត»។ សន្និសីទអាស៊ានណាប៉ូល គឺជា​វេទិកាជួប​ជុំជាប្រពៃណីប្រចាំឆ្នាំរបស់ថ្នាក់ដឹកនាំកងកម្លាំងនគរបាល នៃប្រទេសជា​សមាជិក​សមាគម​ប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន។ សម្រាប់សន្និសីទអាស៊ាន​ណាប៉ូល​លើកទី៤១ ប្រទេសឡាវនឹងធ្វើជា​ម្ចាស់ផ្ទះបន្តវេន៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង