កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានបើកយុទ្ធនាការនៃការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩ AstraZeneca ដល់ថ្នាក់ដឹកនាំមន្រ្តីជួរមុខ ដូសជម្រុញ (ដូសទី៣) ដែលបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុណ្ណារិទ្ធិ អភិ បាលខេត្តកំពង់ឆ្នាំង ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា នាថ្ងៃនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រកាសបើកជាផ្លូវការ ដំណើរការនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជម្រុញ ឬ ដូសទី៣ ដល់ថ្នាក់ដឹកនាំខេត្ត និងមន្រ្តីរាជការនៃរដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលជាមន្ត្រីជួរមុខ ប្រឈមនឹងហានិភ័យ ដើម្បីបង្កើតប្រព័ន្ធការពារដ៏រឹងមាំថែមទៀត នៅក្នុងខ្លួនមនុស្ស ជាពិសេសឆ្លើយតប នឹងវត្តមានមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី ដែលកំពុងតែរីករាលដាលនៅក្នុងតំបន់មួយចំនួននៅទូទាំងប្រទេស ។
ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណចំពោះ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាលតែងតែបានយកចិត្តទុកដាក់គិតគូរជានិច្ច ចំពោះសុខមាលភាពរបស់មន្រ្តី ជួរមុខដែលបានចូលរួមប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ ។ជាក់ស្តែងដូចជាការផ្តល់វ៉ាក់សាំង AstraZeneca សម្រាប់ចាក់ដូសទី៣បន្ថែម ដើម្បីជំរុញឱ្យមានអង្គបក្ខដិបក្ខក្នុងខ្លួន ប្រឆាំងនឹងជំងឺកូវីដ១៩ បំប្លែងថ្មី នាពេលនេះ ។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានប្រាប់ឱ្យដឹងថា វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នេះ គឺជាកិច្ចការដែលត្រូវចាក់បន្ថែមដល់អ្នកអទិភាព ដែលធ្លាប់បានទទួលបានចំនួនពីរដូសរួចមកហើយ ប៉ុន្តែនាពេលនេះគឺមិនបានជាទូទៅនោះទេ គឺសំដៅតែមន្រ្តីជួរមុខប៉ុណ្ណោះ ដែលប្រឈមខ្លាំង ក្នុងការបំពេញការងារប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ ។
លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បន្តថា ជាគម្រោងដែលត្រូវអនុវត្តក្នុងការចាក់វ៉ាក់សាំងដូសទី៣ គឺនឹងចាក់ជូនដល់កម្លាំងសមត្ថកិច្ច មន្រ្តីរាជការនៃមន្ទីរសុខាភិបាល និង ក្រុមគ្រូពេទ្យ ព្រមទាំងមន្រ្តីរាជកាស៊ីវិលក្នុងខេត្តផងដែរ ។
គួរបញ្ជាក់ថា នៅក្នុងបើកយុទ្ធនាការនៃការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩ AstraZeneca ដល់ថ្នាក់ដឹកនាំមន្រ្តីជួរមុខ ដូសជម្រុញ (ដូសទី៣) នាព្រឹកមិញនេះ ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង ក៏បានផ្តល់ជូនថវិកាចំនួន២លានជូនដល់ក្រុមគ្រូពេទ្យ សម្រាប់ដំណើរការចាក់វ៉ាក់សាំងដូសទី៣នេះផងដែរ ។










