សិក្ខាសាលាស្ដីពីតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយនិងអង្គភាពពាក់ព័ន្ធក្នុងការប្រយុទ្ធប្រឆាំងនឹងដំណឹងក្លែងក្លាយអំឡុង នៃការរីករាលដាលជំងឺកូវីដ–១៩ ត្រូវបានរៀបចំ និងបើកធ្វើឡើងដោយក្រសួងព័ត៌មាននៅសណ្ឋាគារសុខា ភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែមករាឆ្នាំ២០២១ នេះ ដោយមានការ
ចូលរួមជាអធិបតីពីឯកឧត្តមផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលនិងជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៏ក្រសួងព័ត៌មាន រួមទាំងសិក្ខាកាមជាប្រធានមន្ទីរព័ត៌មានមកពីតាមបណ្ដារាជធានី–ខេត្ត និង មន្ត្រី នៃក្រសួងព័ត៌មានជាច្រើនរូបទៀត។
សិក្ខាសាលានេះ ក៏បានការចូលរួមធ្វើបទបង្ហាញដល់សិក្ខាកាមទាំងអស់ពីតំណាងក្រុមហ៊ុន Facebook ប្រចាំនៅប្រទេសកម្ពុជា និងឡាវ និងតំណាងប្រតិភូប្រទេសវៀតណាម តាមរយៈវីដេអូផ្សាយបន្តផ្ទាល់ រួមទាំងការធ្វើបទបង្ហាញផ្ទាល់ពីតំណាងអង្គភាពព័ត៌មានFresh News តំណាងក្រសួងសុខាភិបាល និង ក្រសួងព័ត៌មានផងដែរ។
សិក្ខាសាលាបានផ្ដោតសំខាន់ និង យកចិត្តទុកដាក់ទៅលើព័ត៌មានក្លែងក្លាយ រួមទាំងពាក្យចចាមអារាមនានាដែលជនអ
គតិខិលខូចមួយចំនួនបង្កើតឡើង ជាពិសេសព័ត៌មានពាក់ព័ន្ធទៅនឹងការរីករាលដាលជម្ងឺកូវីដ–១៩ តែម្ដង រួមទាំងវិធានការផ្សព្វផ្សាយព័ត៌មានពិតដើម្បីបន្សាបនូវព័ត៌មានក្លែងក្លាយ និងពាក្យចចាមអារាមទាំងអស់នោះនៅក្នុងចំណោមសាធារណជនអោយបានទាន់ពេលវេលា ។ ក្នុងនោះប្រសិនបើយើងទប់ស្កាត់ និងបន្សាបព័ត៌មានក្លែងក្លាយ និងព័ត៌មានចចាមអារាមមិនបានទាន់ពេលវេលាទេ វានឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់សង្គមទាំងមូល សេដ្ឋកិច្ច ជាពិសេសប៉ះពាល់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលតែម្ដង។
ដើម្បីលុបបំបាត់ និង បន្សាបព័ត៌មានក្លែងក្លាយបាន អ្នកសារព័ត៌មានទាំងអស់ក្រោយទទួលបានព័ត៌មានឬដំណឹងអ្វីមួយ ជាពិសេសពាក់ព័ន្ធទៅនឹងការរីករាលដាលជម្ងឺកូវីដ–១៩ ត្រូវតែធ្វើការផ្ទៀងផ្ទាត់រកប្រភពព័ត៌មានផ្លូវការជាមុនសិនមុននឹងធ្វើការផ្សព្វផ្សាយហើយប្រសិនបើដឹងថា ព័ត៌មាននោះជាព័ត៌មានក្លែងក្លាយ ឬគ្រាន់តែជាពាក្យចចាមអារាម ត្រូវរកព័ត៌មានពិតមកផ្សព្វផ្សាយដើម្បីបន្សាបនូវព័ត៌មានក្លែងក្លាយ និងពាក្យចចាមអារាមទាំងអស់នោះកុំអោយសាធារណជនមានការយល់ច្រឡំ៕







