ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានព្រមានថា រុស្ស៊ីចង់ដណ្តើមយកតំបន់បន្ថែមពីភាគខាងកើត និងភាគខាងត្បូងរបស់អ៊ុយក្រែន ។
នៅក្នុងសុន្ទរកថាវីដេអូកាលពីល្ងាចថ្ងៃសៅរ៍ លោកបាននិយាយថា “តើអ្វីទៅជាគោលដៅរបស់ទាហានរុស្ស៊ី? ពួកគេចង់ដណ្តើមយកទាំងក្រុង Donbas នៅភាគខាងកើត និងភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន” ។
លោកបញ្ជាក់ថា “ចុះតើគោលដៅរបស់យើងជាអ្វី? គោលដៅរបស់យើងគឺការពារខ្លួនយើង សេរីភាពរបស់យើង ទឹកដីរបស់យើង និងប្រជាជនរបស់យើង”។ ទន្ទឹមនោះ លោក Zelensky ក៏បានសរសើរកងកម្លាំងអ៊ុយក្រែនផងដែរ ដែលការពារទីក្រុងកំពង់ផែ Mariupol ភាគខាងត្បូង ពីការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លាជាច្រើនសប្តាហ៍ដោយកងកម្លាំងរុស្ស៊ី ។
លោកប្រធានាធិបតីបាននិយាយថា ការតស៊ូរបស់អ៊ុយក្រែននៅទីក្រុង Mariupol និងទីក្រុងផ្សេងទៀតរបស់អ៊ុយក្រែនបានអនុញ្ញាតឲ្យទីក្រុងកៀវទទួលបានពេលវេលាដែលមិនអាចកាត់ថ្លៃបាន និងជួយធ្វើឲ្យសមត្ថភាពយោធារបស់រុស្ស៊ីចុះខ្សោយផងដែរ ។
គួរបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ រុស្ស៊ីបានប្រកាសនឹងកាត់បន្ថយប្រតិបត្តិការប្រយុទ្ធនៅជុំវិញរដ្ឋធានីកៀវ និងទីក្រុងភាគខាងជើង Chernihiv ប៉ុន្តែបានផ្តោតលើតំបន់ភាគខាងកើតរបស់អ៊ុយក្រែនជំនួសវិញ ៕